សម្ដេចតេជោនាយករដ្ឋមន្ត្រី ស្នើឱ្យអង្គការ​កម្មសិទ្ធិបញ្ញាអន្តរជាតិជួយដល់កម្ពុជាចូលរួមក្នុង ក្របខ័ណ្ឌនៃសន្ធិសញ្ញារបស់អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើដល់​អង្គ​ការ​កម្មសិទ្ធិបញ្ញាអន្តរជាតិ បន្តជួយដល់ប្រទេសកម្ពុជា ពិសេសធ្វើយ៉ាងណាជួយដល់​កម្ពុ​ជា​បានចូលរួមក្នុងក្របខណ្ឌនៃសន្ធិសញ្ញារបស់អង្គការកម្មសិទ្ធបញ្ញាអន្តរជាតិ។ នេះបើតាម​ការ​​ឱ្យដឹងរបស់អ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា ក្រោយជំនួបទ្វេភាគីរបស់សម្តេច​អ​គ្គ​​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ហ្រ្វា​នស៊ីស ហ្គារី (Francis  Gurry) អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក កាពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងខណៈដែលសម្ដេចតេជោ​ដឹកនាំ​គ​ណៈ​​ប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលអ្នកដឹក​នាំវិនិ​យោគ​សកល នៃវេទិកាវិនិ​យោ​គ​ពិភពលោកឆ្នាំ២០១៨ របស់សន្និសីទសហប្រជាជាតិស្តីពី​ពា​ណិជ្ជកម្មនិងការ​អភិវឌ្ឍ​​។

 

ក្នុងជំនួបនោះដែរ ឯកឧត្តម ហ្រ្វានស៊ីស ហ្គារី (Francis  Gurry) អគ្គនាយក​អង្គការ​កម្ម​សិ​ទ្ធិ​​បញ្ញាពិភពលោក បានថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋ​ម​ន្រ្តី​ ដែល បានចំណាយពេលវេលាដ៏មានតម្លៃបំផុត អនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី បា​ន​ចូ​ល​ជួបពិភាក្សាការងារ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថ្លែងនូវអំណរគុណជូន​ចំពោះ​អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលកន្លងមកបានចូលរួមចំណែកជួយកសាង​សមត្ថ​ភាព​នៃការបណ្តុះបណ្តាល ពិសេសបានជួយរៀបចំនូវយុទ្ធសាស្រ្តថ្នាក់ជាតិសម្រាប់​កម្មសិទ្ធ​បញ្ញា​ដល់កម្ពុជា។ សម្តេចតេជោបានបន្តថា កម្ពុជាគីជាប្រទេសទី១ ដែលគោរពនូវអ្វី​ដែលជារបបនៃកម្មសិទ្ធិបញ្ញា។ សម្តេចតេជោបន្តទៀតថា អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ អាច​ជួ​យ​​ដល់ប្រទេសកម្ពុជា ដើម្បីឱ្យកម្ពុជាបំពេញនូវកាតព្វកិច្ចរបស់ខ្លួនតាមឆន្ទៈដែលខ្លួនមាន។

ស​ម្តេចតេជោនាយករដ្ឋមន្រ្ដីលើកឡើងថាថ្វីត្បិតនាពេលកន្លងមកការងារជាច្រើនមានការ រីកចម្រើន ក៏ប៉ុន្តែមានបញ្ហាប្រ​ឈ​​​មជាច្រើន ដែលត្រូវតែបន្តដោះស្រាយ តាមរយៈនេះសម្តេចបានស្នើដល់អង្គការកម្មសិទ្ធិ​ប​ញ្ញា​អន្តរជាតិ បន្តជួយដល់ប្រទេសកម្ពុជា ពិសេសធ្វើយ៉ាងណាជួយដល់កម្ពុជាបានចូលរួ​ម​ក្នុង​​ក្របខណ្ឌ នៃសន្ធិសញ្ញារបស់អង្គការកម្មសិទ្ធបញ្ញា អន្តរជាតិ។ សម្តេចតេជោអះអាងថា កម្ពុជានៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ ឱ្យកាន់តែស៊ីជម្រៅ​ថែ​មទៀត ហើយអ្វីដែលសម្តេចចង់ឃើញនោះ គឺការចូលរួមចំណែកដល់ការអភិវឌ្ឍ​ធនធាន​មនុ​ស្ស​ ដល់កម្ពុជាឱ្យកាន់តែមានភាពប្រកួត ប្រជែងខ្ពស់។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេច​បា​នស្នើ ឱ្យអង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ ជួយកសាងម៉ាកយីហោនៅកម្ពុជា ដើម្បីធ្វើឱ្យផ្លាក​យី​ហោលើ ផលិតផលផ្សេងៗរបស់កម្ពុជា មានការទទួលស្គាល់ក្នុងក្របខណ្ឌអន្តរជាតិ។

ឯកឧត្តម ហ្រ្វានស៊ីស ហ្គារី បានបញ្ជាក់ថា អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ពិតជា បានធ្វើ​ការ​​យ៉ាងជិតស្និទ្ធជាមួយនឹងកម្ពុជា។ ឯកឧត្តមបន្តថា អ្វីដែលយើងឃើញជាក់ស្តែងគឺ យើង​ពិតជាមានការសប្បាយរីករាយ ក្នុងការជួយដល់កម្ពុជាលើការរៀបចំយុទ្ធសាស្រ្តកម្ម​សិទ្ធិ​បញ្ញា​ថ្នា​ក់​ជាតិ ដែលបានអនុម័តកាលពីឆ្នាំ២០១៦កន្លងទៅ។ ឯកឧត្តមបានកត់សម្គាល់​ឃើញថា កម្ពុជាមាន​សក្តានុ​ព​ល​​ជាច្រើន ពិសេសនៅពេលនេះម៉ាក យីហោជាច្រើនបានក្លាយនិម្មិតរូបរបស់កម្ពុជា បង្ហាញ​លើ​ឆាកអន្តរជាតិ។ ទន្ទឹមនេះ អង្គការកម្មសិទ្ធិបញ្ញាពិភព លោក នឹងបន្តជួយ​កម្ពុជាឱ្យកាន់​តែ​ឈា​ន​ឡើ​ងកាន់តែខ្ពស់ថែមទៀត ពិសេសប្តេជ្ញាចិត្ត គាំទ្រ នូវការលើកឡើងរបស់សម្តេច​តេជោ​នា​យ​ករ​ដ្ឋមន្ត្រីកម្ពុជា ក្នុងការជំរុញលើកកម្ពស់ពីកម្មសិទ្ធបញ្ញានោះ៕

ដោយ ជឹម ណារី