សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បន្តចូលរួមក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៥ នៅប្រទេសសិង្ហបុរី

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ –សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បន្ទាប់​ពី​បានអញ្ជើញ​ចូល​រួមក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី១២​ រួចមក កាលពីថ្ងៃ​ទី​២០ ​ខែ​តុលា ​ឆ្នាំ​២០១៨ សម្តេច​ពិជ័យ​សេនា បានបន្តចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក ​លើក​ទី​៥ ​ដែល​កិច្ច​ប្រជុំ​នេះ​​ដឹក​នាំ​ដោយ ​ឯកឧត្តម​ អ៊ឹង ​អេង​ហែន​ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​សិង្ហ​បុរី ​និង​មាន​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ប្រទេស​បូក​ចំនួន​៨ ដែលបាន​អញ្ជើញមក​ចូល​រួម​ប្រជុំ​ មាន​ដូចជា ​ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក រុស្ស៊ី ចិន ជប៉ុនកូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី​  និង​នូវែលសេឡង់។

ប្រភពពីក្រសួងការពារជាតិបានឱ្យដឹងថា នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក (ADMM-Plus) ​លើក​ទី៥ ​នា​ពេល​នោះ ​កិច្ចប្រជុំបាន​ចាត់​ទុក​យន្ត​ការ​ (ADMM-Plus)​ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ​រក្សា​សន្តិភាព​ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក​។​ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក ​បាន​ជំរុញ​ឱ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ និង​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​។ ​កិច្ច​ប្រជុំ​ក៏​បាន​ធ្វើ​ការ​ពិភាក្សា ​ដើម្បី​រិះ​រក​វិធី​រួម​គ្នា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ភាព​ប្រឈម​នានា ​ដូច​ជា​ការ​ទប់​ស្កាត់​អំពើ​ភេរវកម្ម​ សន្តិសុខ​ព័ត៌​មាន​វិទ្យា​ គ្រោះ​មហន្តរាយ ​ជា​ពិសេស​វិធាន​ការ​ដោះ​ស្រាយ​អំពី​ការ​ពើប​ប្រទះ ​ជួប​គ្នា​ដោយ​ចៃ​ដន្យ​ទាំង​លើ​ផ្លូវ​អាកាស ​និង​លើ​ផ្លូវ​សមុទ្រ​។​

សម្តេច​​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​ចាត់​ទុក​អំពើ​ភេរវកម្ម​ដោយ​ប្រើ​ប្រាស់​សារ​ធាតុ​គីមី ​ជីវសាស្រ្ត​ និង​វិទ្យុសកម្ម​ ជា​មួយ​គ្រឿង​ផ្ទុះ​កែ​ច្នៃ​ ជា​សេ​ណា​រី​យោដ៏​អាក្រក់​បំផុត​។​ ក្នុង​ហេតុ​ផល​នេះ ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេកម្ម​ជាតិ​របស់​កម្ពុជា​ បាន​បង្កើត​ក្រុម​ចម្រុះ​ការ​ពារ​ទប់​ស្កាត់​អាវុធ​មហា​ប្រល័យ​ និង​ក្រុម​ជំនាញ​គ្រឿង​ផ្ទុះ ​ដើម្បី​ត្រៀ​មខ្លួន​ជា​ស្រេច​ចំពោះ​ការ​គំរាម​កំហែង​ប្រភេទ​នេះ។​ ​ទោះ​បី​ជា​យ៉ាង​ណា ​យើង​ពិត​ជា​​ត្រូវ​ការ​បង្កើន​​សមត្ថភាព​ និង​លទ្ធភាព​របស់​ខ្លួន​ ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ប្រភេទ​នេះ។

នៅក្នុងឱកាសនោះដែរ សម្តេច​ពិជ័យ​សេនា ​បាន​សង្កត់​ធ្ងន់​ថា​ យើង​អាច​សម្រេច​បាន​នូវ​សមត្ថភាព​ដែល​ត្រូវ​ការ​នេះ​  តាម​រយៈ​យន្ត​ការ​ ADMM​-​បូក។​ ក្នុង​ន័យ​នេះ​សម្តេច​ពិជ័យ​សេនា ​បាន​សម្តែង​​ការ​គាំទ្រ​ដល់​ប្រទេស​សិង្ហបុរី​សម្រាប់​ការ​ផ្តួច​ផ្តើម​បង្កើត​បណ្តាញ​ជាក់​ស្តែង​ នៃ​ក្រុម​ជំនាញ​ការ​ពារ​ជាតិ​ផ្នែក​គីមី​សាស្ត្រ​ ជីវសាស្រ្ត​ និង​វិទ្យុ​សកម្ម​អាស៊ាន។​ ​បន្ថែម​ពី​លើ​នេះ​ទៀត ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏បាន​ស្នើ​ឱ្យ​ក្រុម​ការ​ងារ​ជំនាញ ​ADMM-បូក ​ស្តី​ពី​ការ​ប្រឆាំង​ភេរកម្ម​បញ្ចូល​សេ​ណា​រី​យោ​ភេរវកម្ម​ប្រើ​ប្រាស់​អាវុធ​មហា​ប្រល័យ​ នៅ​ក្នុង​ផែន​ការ​លំ ហាត់​លើ​តុ ​និង​លំហាត់​លើ​ទី​លាន​របស់​ខ្លួន​នៅ​ពេល​អនាគត​។​

សូម​បញ្ជាក់​ថា​ តាម​រយៈ​សេចក្តី​ប្រកាស​រួម​របស់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ានបូក​ លើក​ទី៥​ ​នៅ​ប្រទេសសិង្ហ​បុរី​នាពេលនោះ ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ ក្នុង​ការ​ថែ​រក្សា​សន្តិភាព ​និង​ស្ថិរភាព​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ ដោយ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​គ្នា​ ដើម្បី​ដោះ​ស្រាយ​ភាព​ប្រឈម​សន្តិសុខ​រួម ​សម្រាប់​ផល​ប្រយោជន៍​រួម​របស់​ប្រជាជន​ក្នុង​តំបន់​នេះ។​ នៅក្នុងឱកាសនោះដែរ ​ឯកឧត្តម​ អ៊ឹង ​អេង​ហែន ​រដ្ឋមន្ត្រី​ការពារជាតិសិង្ហបុរី ក៏បានប្រគល់តួនាទីប្រធាន​កិច្ច​ប្រជុំ​​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​ទៅ​ឱ្យ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ថៃ ​ដែល​ប្រទេស​ថៃ​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ឆ្នាំ​២០១៩​ ខាង​មុខ​នេះ​ ៕

ដោយ សាយ សុន (រូបថត៖ក្រសួងការពារជាតិ)