ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរុករក ការជីកគាស់ ការធ្វើមាតុភូមិនិវត្តន៍ នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម

AKP ព្រះសីហនុ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ –រសៀលថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅសាលាខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំ ស្ដីពីការរុករក ការគាស់ ការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា រវាងគណៈកម្មាធិការជំនាញខេត្ត គៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ជូ ថាញ់មិញ អនុប្រធានគណៈកម្មាធិការប្រជាជន និងជាប្រធានគណៈកម្មការជំនាញខេត្តគៀងយ៉ាង និងគណៈកម្មការជំនាញខេត្តព្រះសីហនុ ដឹកនាំដោយលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណ:កម្មការជំនាញខេត្តព្រះសីហនុ ។ 
      

ឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងលើកទី១៧ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ របស់គណៈកម្មការជំនាញ នៃរដ្ឋាភិបាលប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) កម្មវិធីសហប្រតិបត្តិការខេត្តព្រះសីហនុ និងខេត្តគៀងយ៉ាង បានឯកភាពចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការក្នុងការរុករក ការជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍ នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា សម្រាប់រដូវប្រាំងឆ្នាំ២០១៨-២០១៩ ។ 
   

គណ:កម្មការជំនាញនៃប្រទេសទាំងពីរ បានចូលរួមគាំទ្រផ្ដល់ព័ត៌មានទាក់ទិននឹងអតីតយុទ្ធជនពលីវៀតណាម ហើយផ្ដល់លក្ខណៈងាយស្រួលដល់ក្រុម k-92 របស់ខេត្តគៀងយ៉ាង ក្នុងការអនុវត្តការងារទទួលបានជោគជ័យ នូវភារកិច្ចដែលប្រគល់ជូន និងទទួលបានលទ្ធផលល្អ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។
  

ក្រុម K-92 ខេត្តគៀងយ៉ាង សហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាជនខេត្តព្រះសីហនុ ក្នុងការកំណត់ទីកន្លែង និងចលនាប្រជាពលរដ្ឋផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ពីកន្លែងដែលបញ្ចុះសព ដើម្បីអនុវត្តន៍កិច្ចការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា ។ តាមគោលបំណងរបស់ថ្នាក់ដឹកនាំខេត្តទាំងពីរ គណកម្មការជំនាញនៃខេត្តទាំងពីរ និងពិភាក្សាកំណត់ពេលវេលា ទីកន្លែង ដើម្បីរៀបចំពិធីវាយតម្លៃលទ្ធផលដែលបានអនុវត្តន៍ និងលើកទិសដៅសហការអនុវត្តន៍បន្តនៅឆ្នាំខាងមុខឱ្យទទួលបានលទ្ធផលល្អ ។ 
  

លទ្ធផលនៅក្នុងរដូវប្រាំងឆ្នាំ២០១៧ -២០១៨កន្លងមក ក្រុម K92 ខេត្តគៀងយ៉ាង បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរុករក ជីកគាស់អដ្ឋិធាតុកងទ័ពស្មគ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីធ្វើមាតុភូមិនិវត្តន៍មកប្រទេសវៀតណាមវិញ និងបញ្ចុះបានចំនួន ៥០អដ្ឋិធាតុ 

ដោយ ងូ សុមុនី