អភិបាលខេត្តរតនគិរី ផ្តល់អំណោយដល់ចាស់ជរា ជនពិការក្រីក្រ នៅស្រុកអណ្តូងមាស

AKP រតនគិរី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ –នៅនារសៀលថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បាននាំយកអំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនដល់ជនចាស់ជរាគ្មានទីពឹង ជនពិការភាព និងជនក្រីក្រ ចំនួន១០០គ្រួសារ នៅឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី ។

ក្នុងឱកាសនេះ ឯកឩត្តម ថង សាវុន បានពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខនិងការនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែបានគិតគូរចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូរទាំងប្រទេស ជាពិសេសជនចាស់ជរាគ្មានទីពឹង ជនពិការភាព គ្រួសារក្រីក្រដោយសម្តេចតេជោបានធ្វើការណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ចំពោះប្រជាលរដ្ឋងាយរងគ្រោះទាំងអស់ ដោយមិនមានការរើសអើងនិន្នាការនយោបាយអ្វីឡើយ

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានដាស់តឿនក្រើនរម្លឹកដល់អាជ្ញាធរភូមិ ឃុំ​បន្តយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងសហគមន៍របស់ខ្លួន ជាពិសេសមុខសញ្ញាជនងាយរងគ្រោះ​ដើម្បីមានវិធានការជួយដល់ពួកគាត់ឱ្យបានទាន់ពេលវេលា។

សូមរម្លឹកថា អំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តនាពេលនេះគឺត្រូវបានឯកឧត្តម ថង សាវុន ចុះចែកផ្ទាល់តាមខ្នងផ្ទះតែម្តងដោយក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ ១យួ និងឃីត១កញ្ចប់

ដោយណយ នឿន (ប្រភពៈ រដ្ឋបាលខេត្ត)