អភិបាលខេត្តពោធិ៍សាត់ចុះពិនិត្យមើលការងារបង្កបង្កើនផលស្រូវ និងប្រព័ន្ធធារាសាស្រ្តនៅស្រុកបាកាន

AKP ពោធិសាត់ ថ្ងៃទី១៨ ខែតុលា​ ឆ្នាំ២០១៨ –ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទៅកាន់ឃុំមួយចំនួនរបស់ស្រុកបាកាន នៅថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលឆ្នាំ២០១៨ ដើម្បីពិនិត្យមើលអំពីស្ថានភាពការងារបង្កបង្កើនផលស្រូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង និងទទួលយកនូវសំណូមពររបស់ប្រជាពលរដ្ឋ និង អាជ្ញាធរដែនដី។

លោក អ៊ុក មួន មេឃុំរំលេច បានសំណូមពរស្ថាបនាស្ពាន និងទ្វារទឹកមួយកន្លែងប្រវែង១២ម៉ែត្រជំនួសលូចាស់តូចដែលមិនអាចរំដោះទឹកបាន ស្ថិតនៅតាមដងប្រឡាយអន្លង់ស្វាយ ក្នុងភូមិថ្មី កោះខ្ជាយ និងភូមិភ្នៅ ដែលកន្លងមកតែងតែទទួលរងទឹកជំនន់ធ្ងន់ធ្ងជាងគេ។ចំណែកអ្នកឃុំអូរតាប៉ោ បានសំណូមពរជួយស្ថាបនាផ្លូវ ក្រួសក្រហម៤ ខ្សែប្រវែង៨.០០០ម៉ែត្រ និងលូជ្រុង៤កន្លែង ស្ថិតនៅត្រង់ចំណុច បឹងកន្សែងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាការដឹកកសិផលនានាទៅកាន់ទីផ្សាផងដែ

នៅរាល់សំណូមពរទាំងនេះត្រូវបានឯកឧត្តមអភិបាលខេត្តបានទទួលយកដោយ ក្តីរីករាយនិងបានជម្រាបជូនថា នារដូវប្រាំងនេះមន្ទីរជំនាញ នឹងចុះសិក្សា និងវាយតម្លៃ ដើម្បីឈានទៅអនុវត្តឱ្យបានឆាប់ៗ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់នេះ។

  ទន្ទឹមនឹងនោះឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរដល់ប្រជាពលរដ្ឋឱ្យខិតខំបង្កបង្កើនផល និងដាំដំណំាផ្សេងៗឱ្យបានច្រើនដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងចូលរួមថែរក្សានូរាល់ហេដ្ឋារចនាសម្ពន្ធនានាឱ្យបានគង់វង្សយូអង្វែងដើម្បីផលប្រយោជន៍ទំាងអស់គ្នា៕

ដោយ ណៅ ធឿន