កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យលើឯកសារទស្សនទានសម្រាប់ធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ សមាហរណកម្មកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ –ប្រភពពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កាលពីថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យលើឯកសារទស្សនទានសម្រាប់ធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រសមាហរណកម្មកម្ពុជា (Cambodia Trade Integration Strategy – CTIS) ២០១៩-២០២៣ សម្រាប់អាណត្តិថ្មីនៃរដ្ឋាភិបាល។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម គឺជាឯកសារយុទ្ធសាស្ត្ររបស់ក្រសួងពាណិជ្ជកម្មក្នុងគោលបំណងជំរុញការធ្វើសមាហរណកម្មពាណិជ្ជកម្ម ពិពិធកម្មទីផ្សារ និងផលិតផលសម្រាប់នាំចេញ។ ឯកសារយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០០១ ដោយផ្ដោតជាចម្បងលើការធ្វើសមាហរណកម្មរបស់កម្ពុជាចូលក្នុងទីផ្សារពិភពលោក និងជំរុញការចូលរបស់កម្ពុជានៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០៣ ហើយបានធ្វើបច្ចុប្បន្នភាពលើកទី១ នៅក្នុងឆ្នាំ២០០៧ ដែលបានបង្កើតជាសសរស្ដម្ភចំនួនបី នៅក្នុងយន្តការជំរុញការអភិវឌ្ឍពាណិជ្ជកម្មមួយ ដែលហៅថា អភិក្រមគ្របដណ្ដប់លើវិស័យពាណិជ្ជកម្ម (Trade SWAp)

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមទៀតថា ក្រសួងពាណិជ្ជកម្ម បានបន្តសម្រិតសម្រាំងយុទ្ធសាស្ត្រ CTIS នេះជាបន្ដបន្ទាប់ ដោយបានធ្វើបច្ចុប្បន្នភាពលើកទីពីរនៅឆ្នាំ២០១៤ ទាន់ពេលវេលាជាមួយនឹងការចាប់ផ្ដើម ASEAN Economic Community នៅខែធ្នូ ឆ្នាំ២០១៥។ ប្រធានបទរបស់ CTIS 2014-2018 គឺសង្កត់ធ្ងន់លើកាលានុវត្តភាព និងបញ្ហាប្រឈមរបស់ កម្ពុជា ក្នុងការពង្រីក និងធ្វើពិពិធកម្មការនាំចេញ ព្រមទាំងសិក្សាយ៉ាងលម្អិត លើការធ្វើសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់ និងទីផ្សារដទៃទៀត។

ឯកឧត្តមបានបន្តទៀតថា នៅក្នុងឆ្នាំ២០១៨នេះ ក្រសួងពាណិជ្ជកម្ម បានសម្រេចរៀបចំសារជាថ្មី ការធ្វើបច្ចុប្បន្នភាពលើកទីបីលើឯកសារយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា CTIS 2019-2023 ក្រោមការគាំទ្រហិរញ្ញវត្ថុពីអង្គការ Enhanced Integrated Framework (EIF) ក្នុងគោលបំណងសម្រិតសម្រាំង និងបង្កើតជាយុទ្ធសាស្ត្រមួយដែលឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន ក៏ដូចជាបង្កើតជាសកម្មភាពអាទិភាពសម្រាប់អនុវត្តន៍គោលនយោបាយទាក់ទងនឹងពាណិជ្ជកម្ម ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងចក្ខុវិស័យ ២០៣០ របស់រាជរដ្ឋាភិបាល។ ប្រធានបទចម្បងសម្រាប់ការធ្វើបច្ចុប្បន្នភាពលើកនេះគឺ ១) ពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីគាំទ្រដល់ការវិវត្តចេញពីប្រទេស LDC និង ២) ទាញយកផលប្រយោជន៍ពីប្រភពកំណើនថ្មី ជាពិសេសសេវាកម្ម និងបដិវត្តន៍ឧស្សាហកម្មទី៤ (Industrial Revolution 4.0)

ដោយ ទេស ច័ន្ទសុធារី