អាជ្ញាធរខេត្តកំពង់ឆ្នាំងចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ

AKP កំពង់ឆ្នាំង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ –នៅថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តម លោក ជំទាវជាថ្នាក់ដឹកនាំខេត្ត និងមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធ អង្គភាពនានាជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពល រដ្ឋ នៅសាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីជីវភាព រស់នៅ និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋាន ។

ឯកឧត្តមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាស វៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ។ ឯកឧត្តមបានបន្តថា ប្រមុខរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្នបាន និងកំពុងយកចិត្តទុកដាក់ក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀនគ្រប់កម្រិត វត្តអារាម ស្រះទឹក ប្រព័ន្ធធារាសាស្ត្រ សំណង់អគារខ្ពស់ៗ ដែលកត្តា ទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ  ស្របតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ។

ឯកឧត្តមបានថ្លែងអំណរគុណដល់​​ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងទាំងអស់ ដែលបានរួម សាមគ្គីគ្នាថែរក្សានូវសុខសន្តិភាព​ និងសូម​បន្ត​ថែរក្សា​នូវអ្វីៗដែលជាសមិទ្ធផល​យើង​មាន​សព្វថ្ងៃនេះ ​គឺជា​មោទនភាពរបស់​រាជរដ្ឋាភិបាល ​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ​ហ៊ុន សែន ដែលផ្ដល់ភាព​សុខសាន្ត និងការអភិវឌ្ឍ​​ បន្តការ កសាងផ្លូវ​ ស្ពាន​ សាលារៀន​ អគ្គិសនី​ និងវិស័យជាច្រើន​បន្ថែមទៀត។

ឯកឧត្តមបានក្រើនរំលឹកឱ្យលោកគ្រូអ្នកគ្រូ មាតាបិតា និងអាណាព្យាបាលសិស្ស ក្នុង ឱកាសបវេសនកាលដំបូង នាំកូនចៅទៅចុះឈ្មោះចូលរៀន និងសូមជួយណែនាំដល់កូន ចៅ របស់ខ្លួនយកពេលទំនេរអានសៀវភៅដែលមាននៅតាមបណ្ណាល័យ និងនៅតាមសាលារៀន  ដើម្បីបង្កើន និងពង្រឹងសមត្ថភាពយល់ដឹង ប្រែខ្លួនក្លាយជាសសរទ្រូងរបស់ប្រទេសជាតិ ទៅ ថ្ងៃអនាគត​។ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ទង្វើអបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕

ដោយបៃ ស៊ីថុន