ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យ CEO MASTER CLUB គិតគូរទៅលើការបណ្តុះបណ្តាល សហគ្រិនវ័យក្មេងកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ –ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យប្រតិភូសមាជិកអ្នកធ្វើជំនួញ សហគ្រិន និងធុរៈកិច្ចជាច្រើននាក់ មកពី CEO MASTER CLUB ដឹកនាំដោយលោក អោម សេងបូរ៉ា ជាប្រធាន បានចូលជួបសម្ដែងការគួសម  និងពិភាក្សាការងារ កាលពីរសៀលថ្ងៃពុធ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ

ក្នុងជំនួបសម្ដែងការគួរសមនោះឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យCEO MASTER CLUB គិតគូទៅលើការបណ្តុះបណ្តាល សហគ្រិនវ័យក្មេង ឱ្យមានបទពិសោធន៍ និងចេះធ្វើអាជីវកម្មសម្រាប់ពេលអនាគត ។ឯកឧត្តមបានសម្តែងការគាំទ្រចំពោះសកម្មភាព CEO MASTER CLUB ក្នុងបុព្វហេតុបង្កើតមុខរបរ ពង្រីកមុខជំនួញ របស់សហគ្រិនអ្នកជំនួញ ព្រមទាំងបានលើកទឹកចិត្ត ក្នុងការគិតគូទៅលើការ​បណ្តុះបណ្តាល សហគ្រិនវ័យក្មេង ឱ្យមានបទពិសោធន៍ និងចេះធ្វើអាជីវកម្មសម្រាប់ពេលអនាគត ព្រោះបើយើងចង់ឱ្យមានការរីកចម្រើន ទាល់តែយើងខិតខំពង្រីកធនធានមនុស្ស និងមុខរបរបន្ថែម ។  

    ឯកឧត្ដមបានបន្ដថា បងប្អូនធុរៈជន ដែលមានឱកាសបង្កើតមុខរបរ ពង្រីកមុខជំនួញ គឺអាស្រយ័ដោយប្រទេសមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់      សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិក នៃសន្តិភាព និងការអភិវឌ្ឍ ។ 

​   លោក អោម សេងបូរ៉ា ប្រធានCEO MASTER CLUB បានជម្រាបជូនថា ជំនួបនេះប្រតិភូសមាជិក អ្នកធ្វើជំនួញ សហគ្រិន និងធុរៈមានគោលបំណងបង្ហាញពីសកម្មភាពរបស់ CEO MASTER CLUB និងផលប៉ះពាល់ជាវិជ្ជមាន របស់សហគ្រិនកម្ពុជា ចំពោះសេដ្ឋកិច្ច   ជាតិលោកក៏បានឱ្យដឹងថា CEO MASTER CLUB ត្រូវបានបង្កើតឡើង អស់រយៈពេល៤ឆ្នាំ មកហើយ ដោយបានចងក្រង ក្រុមអ្នកជំនួញ អ្នកវិនិយោគក្នុងស្រុក និងចែករំលែកបទពិសោ ធន៍ ពីគ្នាទៅវិញទៅមក លើការធ្វើអាជីវកម្ម ជំនួញ និងវិនិយោគ នៅរាជធានីភ្នំពេញ។

     លោក អោម សេងបូរ៉ា បន្តថា រហូតមកដល់ពេលនេះ មានសមាជិករបស់ CEO MASTER CLUB មួយចំនួនបានប្រែក្លាយខ្លួនពីអាជីវកម្មខ្នាតតូច ទៅជាសហគ្រិន ឬរោងចក្រផងដែរ។ តំណាងអាជីវកម្ម និងសហគ្រិននីមួយៗ បានបង្ហាញពីបទពិសោធន៍ ក្នុងការធ្វើអាជីវកម្មលើមុខជំនួញរបស់ខ្លួន ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះCEO MASTER CLUB បានរួមចំណែក ដល់ការងារសង្គមជាច្រើនទៀត រួមមាន ការងារអប់រំ ការងារបរិស្ថាន និងការងារសង្គមជាច្រើនទៀត

ដោយ សួស សំរិត