ឯកអគ្គរដ្ឋទូត កាណាដា និង កេនយ៉ា ឈ្វេងយល់ពីបទពិសោធន៍ និងលទ្ធផលនៃការធ្វើ កំណែទម្រង់ក្នុងវិស័យបរិស្ថាននៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ –នៅទីស្តីការក្រសួងកាលពីថ្ងៃពុធ ៨ើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកជំទាវ Donica Pottie ឯកអគ្គរដ្ឋទូតកាណាដា និង ឯកឧត្តម Patrick SimiyuWanoto ឯកអគ្គរដ្ឋទូតកេនយ៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតទាំងពីរមានបំណងឈ្វេងយល់ពីបទពិសោធន៍ និងលទ្ធផលនៃការធ្វើកំណែទម្រង់ក្នុងវិស័យបរិស្ថាននៅកម្ពុជា នៅក្នុងអាណត្តិកន្លងមក និងទិសដៅការងារជាអាទិភាព ដែលត្រូវអនុវត្តន៍នៅក្នុងអាណត្តិទី៦ ហើយក៏បានគោរពអញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រី ចូលរួមជាភ្ញៀវកិត្តយសក្នុង « សន្និសីទ Bule Economy and the 2030 Agenda for Sustainable Development » លើកទី១ ដែលផ្តួចផ្តើមឡើងដោយប្រទេសកេនយ៉ា និងកាណាដា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងNairobi ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន អង្គការតំបន់ អង្គការអន្តរជាតិ គ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នសិក្សាស្រាវជ្រាវ វិស័យឯកជន ថ្នាក់ដឹកនាំសហគមន៍ ស្ត្រី យុវជន និងជនជាតិភាគតិច ប្រមាណ ៦.០០០នាក់ មកពីជុំវិញពិភពលោកផងដែរ។

ប្រភពខាងលើបានឱ្យដឹងបន្តថា ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងជម្រាបជូនឯកអគ្គរដ្ឋទូតទាំងពីរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ដែលបានផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាអាចរស់នៅដោយសេចក្តីថ្លៃថ្នូ មានសិទ្ធិសេរីភាព វិបុលភាព និងភាពសុខុដុមរមនា។ ជាមួយគ្នានេះ ក្នុងអាណត្តិកន្លងទៅក្រសួងបរិស្ថានសម្រេចបាននូវការធ្វើទំនើបកម្មស្ថាប័ន ដូចជា បានកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង ដើម្បីឆ្លើយតបទៅនឹងវិសាលភាពការងារស្របតាមការវិវត្តនៃបរិបទសង្គមកម្ពុជា និងពិភពលោក ជាពិសេសការអនុវត្តនូវកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ,កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ, សំដៅធានាប្រសិទ្ធភាពនៃកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។

ឯកឧត្តម សាយ សំអាល់ បន្តថា នៅក្នុងអាណត្តិថ្មីនេះក្រសួងបរិស្ថានបានបន្តដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ តាមរយៈការដាក់ឱ្យអនុវត្តន៍នូវអភិក្រមនៃ «រដ្ឋបាលទំនើប» ដើម្បីកសាងបាននូវភាពជាអ្នកដឹកនាំ ការកសាងប្រព័ន្ធរដ្ឋបាលទំនើប លើកម្ពស់គុណតម្លៃមន្ត្រីរាជការ ស្រឡាញ់ខ្លួនឯង មានមោទនភាពជាតិ សុច្ចរឹតភាព សេវាកម្ម ឧត្តមភាព និងការអភិវឌ្ឍសមត្ថភាព ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជារក្សាបាននូវនិរន្តភាពបរិស្ថាន និងកេរដំណែលធនធានធម្មជាតិរបស់កម្ពុជា សម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានយល់ព្រមនូវសំណើរ នឹងដឹកនាំគណប្រតិភូក្រសួងបរិស្ថានទៅចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាន់នេះដើម្បីចែករំលែកមេរៀន បទពិសោធន៍របស់កម្ពុជា ដែលសម្រេចបានក្នុងអាណត្តិកន្លងមក និងចូលរួមផ្តល់អនុសាសន៍នានាជមួយបណ្តាប្រទេសផ្សេងៗទៀត ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចបៃតង និងការលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព ទាំងក្នុងដែនគោក ដែនទឹក និងតំបន់សមុទ្រ ៕

ដោយ ពេជ្រ ណារិទ្ធ