មន្រ្តីជាន់ខ្ពស់នគរបាលកម្ពុជា ប្រកាសធានាសន្តិសុខជូនដល់ធុរជន ទាំងអស់ ដែលមកវិនិយោគនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ –ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ បានប្រាប់ ទៅកាន់ធុរជនចិនថា អគ្គស្នងការដ្ឋាននគរបាលជាតិ ធានានូវកត្ដាសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ជូនធុរជនទាំងអស់ ដែលបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ការប្រកាសបែបនេះ នៅក្នុងពិធីជប់លៀងរបស់ក្រុមហ៊ុនវិនិយោគទុន ជុង គូហ្វឹង គ្រុប ជាមួយថ្នាក់ដឹកនាំនៃអគ្គស្នងការ  ដ្ឋាន នគរបាលជាតិ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បានលើកឡើងថា ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច ដែលមានភារកិច្ចការពារ សុវត្ថិភាពជូនសង្គម និងប្រជាពលរដ្ឋ សូមធានាជូនដល់ធុរជនទាំងអស់នូវបរិស្ថានប្រកបដោយភាពអំណោយផល និងជួយជំរុញដល់ការវិនិយោគ ពិសេសសន្ដិភាព សន្ដិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាម៉ាក្រូសេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌ ច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព។

ឯកឧត្តម ឧត្តមសេនីយ៍ឯកបានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន វិនិយោគទុន ជុង គូហ្វឹង គ្រុប ក្នុងការឈាន ឆ្ពោះមកបោះទុនវិនិយោគនៅកម្ពុជាស្របតាមផែនការ និងគោលនយោបាយយុទ្ធសាស្ដ្រ «ផ្លូវមួយ ក្រវាត់មួយ» ដែលផ្ដួច ផ្ដើមឡើងដោយប្រទេសចិន កាលពីឆ្នាំ២០១៣។ ឯកឧត្តមបានបន្ថែមថា គោលនយោបាយ និងយុទ្ធសាស្រ្ដ នេះ ត្រូវបាន ចុះកិច្ចព្រមព្រៀងលើគម្រោងកិច្ចសហប្រតិបត្ដិការរវាងប្រទេសកម្ពុជាចិន កន្លងមកគឺជាការសម្រេចចិត្តប្រកបដោយ ទស្សនវិស័យខ្ពស់បំផុប របស់ថ្នាក់ដឹកនាំក្រុមហ៊ុន៕

ដោយ ចាន់ សុធីវង្ស