កម្ពុជា និងចិនគ្រោងរៀបចំតាំងពិពរណ៍ មេគង្គ-ឡានឆាង នៅចុងខែវិច្ឆិកាខាងមុខ

វិទ្យុជាតិកម្ពុជា:​ ដោយ​ លោក​ ហោ​ សេងគ្រី:

​ ក្រសួងពាណិជ្ជកម្ម កម្ពុជា គ្រោងនឹងសហការជាមួយនឹងប្រទេសចិន ក្នុងការរៀបចំតាំងពិពរណ៍ពាណិជ្ជកម្ម មេគង្គ-ឡានឆាង ដែលគ្រោងនឹងធ្វើឡើង ក្នុងទីក្រុងគួន មីង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣រហូតដល់ថ្ងៃទី២៧ខែវិច្ឆិកាខាងមុខ។

សេចក្តីប្រកាសពត៌មានរបស់ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា៖ព្រឹត្តិការណ៍តាំងពិពរណ៍ ដែលរៀបចំដោយគណកម្មាធិការ ឡានឆាង-មេគង្គនេះ នឹងមានការចូលរួមពីក្រុមហ៊ុននិងសហគ្រាសធុនតូចនិងមធ្យម ដែលមកពីបណ្ដាប្រទេសមហាអនុតំបន់ទន្លេមេគង្គ ដែលស្ថិតនៅក្នុងតំបន់។ ជាមួយគ្នានេះដែរក៏មានតាំងបង្ហាញអំពីផលិតផលចម្រុះ និងគំរោងវិនិយោគនានា។

ក្រសួងពាណិជ្ជកម្មកម្ពុជា ក៏ប្រកាសឱ្យគ្រប់ម្ចាស់ពាណិជ្ជកម្ម និងឈ្មួញវិនិយោគទុន ទាំងឡាយណា ដែលចង់ដាក់បង្ហាញឬក៏ផ្សព្វផ្សាយនូវ ផលិតផលរបស់ខ្លួន ឬក៏ចង់ស្វែងរកដៃគូពាណិជ្ជកម្ម នៅក្នុងការតាំងពិពរណ៍នោះ សូមប្រញាប់ទៅចុះឈ្មោះចូលរួម ។

កាលពីខែមករាឆ្នាំ២០១៨កន្លងទៅ កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលថ្នាក់តំបន់មេគង្គ-ឡានឆាង លើកទី២ នាថ្ងៃទី១០-១១ ខែមករា ព្រមទាំងមានការតាំងពិពរណ៍បង្ហាញពីសមិទ្ធិផលអភិវឌ្ឍន៍ជាច្រើនវិស័យម្ដងមកហើយ៕