នាយករដ្ឋមន្រ្តីជប៉ុន រៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយស ជូនបណ្តាមេដឹកនាំនៃប្រទេសមេគង្គ ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១០

វិទ្យុជាតិកម្ពុជា:​ ដោយ​ លោក​ ជៀង​ យ៉ារ៉េត:​ នៅរាត្រីថ្ងៃទី៨តុលា ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ស៊ុនហ្សូ អាបេ និងលោកជំ​ទាវ បានប្រារព្វ រៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនបណ្តា​មេដឹក​នាំ​ នៃប្រទេសមេគង្គ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ បណ្តាមេដឹកនាំនៃប្រទេសមេគង្គដែលអញ្ជើញចូលរួមក្នុងពិធី លៀង​សាយ​ភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនោះ រួមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលួន ស៊ីស៊ូលីត នាយករដ្ឋ មន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសហភាពមីយ៉ាន់ម៉ារ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូ ចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណ​រដ្ឋ សង្គមនិយមវៀតណាម និងលោកជំទាវ។

ថ្លែងសុន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍ ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនោះ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ជូន​ចំពោះបណ្តាមេដឹកនាំនៃប្រទេសមេគង្គ ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃបំផុត ឆ្លើយ​តបតាមអញ្ជើញរបស់ឯកឧត្តម អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១០ នៅ​ទីក្រុងតូក្យូ ប្រទេសជប៉ុន។ ឯកឧត្តមនាយករដ្ឋមន្រ្តីបន្តថា យើងពិតជាមានការរីករាយ ចំពោះ​កិច្ចប្រជុំរបស់យើងក្នុងឆ្នាំ២០១៨នេះ ដែលប្រព្រឹត្តធ្វើឡើងស្របពេល និងខួប១០ឆ្នាំ នៃកិច្ច​ប្រ​ជុំ​កំពូលមេគង្គ ជប៉ុនរបស់យើង។ ឯកឧត្តមបន្តថា នៅកក្នុងកិច្ចប្រជុំកំពូលរបស់យើងនៅថ្ងៃទី៩តុលា យើងនិងធ្វើការពិភាក្សា និងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឲ្យ​ប្រសើរ​ឡើង​នូវការ តភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រ​នេះ​ផ្តោត​សារៈ សំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍​រវាង​ប្រទេស មេ គង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត។