ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាអញ្ជើញសួរសុខទុក្ខលោកជ័យសាផានអតីតប្រធានយកដ្ឋាន​​ដែលចូលនិវត្តន៍ និងមានជំងឺ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកចេម ហួត

ភ្នំពេញ៖ លោកជំទាវឈឹមពៅសុកាន់ឌីអគ្គនាយិការង និងលោក ហោ សេងគ្រី ប្រធាន​​យកដ្ឋាន  ព្រមទាំងអស់លោកស្រីជាអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅរសៀលថ្ងៃទី៣ ខែតុលានេះ បានអញ្ជើញទៅសួរសុខទុក្ខលោកជ័យសាផាន អតីតប្រធានយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស​​ដែលចូលនិវត្តន៍ និងមានជំងឺនៅផ្ទះរបស់លោកស្ថិតនៅជិតវត្តកោះរាជធានីភ្នំពេញ។

          លោកជំទាវឈឹមពៅសុកាន់ឌី នាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ទន់សារ៉ាតប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកវិទ្យុជាតិកម្ពុជា ហើយ

បានអរគុណចំពោះលោកជ័យសាផាន ដែលកាលនៅធ្វើការ បំរើផលប្រយោជន៍សង្គមជាតិតាមរយៈវិស័យព័ត៌មាន។ មិនត្រឹមតែប៉ុណ្ណោះលោកបានជួយបណ្តុះបណ្តាលមន្ត្រីឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតព័ត៌មានបំរើដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

          លោកហោ សេង​គ្រីប្រធាននាយកដ្ឋានព័ត៌មាន ក្នុងនិងក្រៅប្រទេសបានមានប្រសាសន៍ថា លោកជ័យសាផានជាថ្នាក់ដឹកគំរូម្នាក់ ដែលមានគុណធម៌ ចេះអធ្យាស្រ័យ  មិនប្រកាន់បក្ខពួក ហើយបណ្តុះសមត្ថភាពដល់មន្ត្រីជាដើម។ ការលះបង់ដ៏ច្រើននេះ ធ្វើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលធ្លាប់ធ្វើការជាមួយលោកនៅតែចងចាំចំពោះគុណបំណាច់នេះជានិច្ច។

ក្នុងឱកាសនោះ ក្រុមការងារទាំងអស់បានជួនពរលោកជ័យសាផានឲ្យឆាប់ជាសះស្បើយពីជម្ងឺទាំងឡាយ ព្រមទាំងបានជួយឧត្ថម នូវភេសជ្ជៈ និងថវិកាមួយចំនួនជួនរូបលោក និងក្រុមគ្រួសារផងដែរ៕