គ.ជ.ប សម្រេចយកពេលវេលា៩ថ្ងៃ ដើម្បីចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោត

វិទ្យុជាតិកម្ពុជា ៖ ដោយលោកវ៉ាង ភក្តី

 

ភ្នំពេញ៖ គ.ជ.ប សម្រេចយកពេលវេលា៩ថ្ងៃ ដើម្បីចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោត ខណៈសល់៩ថ្ងៃទៀត ធ្វើការចុះអ្នកបោះឆ្នោតនៅឃុំសង្កាត់។

 

ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធជុំវិញការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ នាទីស្តីការ គ.ជ.ប នៅព្រឹកថ្ងៃទី១ ខែតុលានេះ ឯកឧត្តម នុត សុខុម អនុប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានបញ្ជាក់ថា ការចុះដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋនេះ គឺដើម្បីធានាថា ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតគ្រប់រូប ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក និងប្រជាពលរដ្ឋខ្មែរទើបគ្រប់អាយុ១៨ឆ្នាំ បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតគ្រប់ៗគ្នា។

 

 

 

ឯកឧត្តមបន្តថា ក្នុងរយៈពេល១៨ថ្ងៃ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ចាប់ផ្តើមពីថ្ងៃទី១ដល់ថ្ងៃទី១៨ ខែតុលានេះ គឺគ.ជ.ប បានកំណត់យក៥ថ្ងៃដំបូងធ្វើការចុះឈ្មោះអ្នកបោះឆ្នោតនៅតាមសាលាឃុំសង្កាត់ ហើយ៩ថ្ងៃបន្ទាប់ ចុះទៅតាមបណ្តាភូមិ និងសល់៤ថ្ងៃទៀត ត្រឡប់មកធ្វើការចុះឈ្មោះនៅសាលាឃុំសង្កាត់វិញ។ ឯកឧត្តមបង្ហាញពីលក្ខខណ្ឌ ដែលប្រជាពលរដ្ឋខ្មែរទាំងពីរភេទអាចចុះឈ្មោះបោះឆ្នោតបាន។

 

 

 

 

 

លោកស្រី អ៊ូច អរុណវដ្តី ប្រធានសមាគមអរុណរះដែលតែងចូលរួមឃ្លាំមើលរាល់ដំណើរការបោះឆ្នោតនៅកម្ពុជា បានគាំទ្រចំពោះនីតិវិធីដែល គ.ជ.ប អនុវត្ត សម្រាប់កិច្ចការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១៨នេះ។ លោកស្រីបានអំពាវដល់ប្រជាពលរដ្ឋខ្មែរមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក រួសរាន់ទៅចុះឈ្មោះនៅតាមសាលាឃុំសង្កាត់ ឬក្នុងការិយាល័យណាមួយក្នុងភូមិឱ្យបានគ្រប់ៗគ្នា ដើម្បីចៀសវាងការបាត់សិទ្ធិបោះឆ្នោតសម្រាប់អាណត្តិៗទៀត។

 

 

 

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨នេះ គឺសំដៅលើអ្នកផ្លាស់ប្តូរលំនៅឋាន ការកែតម្រូវឈ្មោះឬទិន្នន័យអ្នកបោះឆ្នោត អ្នកទើបគ្រប់អាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ការស្រង់ និងលុបឈ្មោះចំពោះអ្នកមរណភាព និងអ្នកត្រូវបានដកសិទ្ធិបោះឆ្នោតបណ្តោះអាសន្ន ។

 

 

 

យោងតាមការប៉ាន់ស្មានរបស់គ.ជ.ប បានបង្ហាញថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីនៅក្នុងឆ្នាំ២០១៨នេះមានប្រហែលជាង៤៨ម៉ឺន៩ពាន់នាក់។ ជាមួយគ្នានេះ ក៏លុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីជាង៩ម៉ឺននាក់ផងដែរ៕