ក្រសួងធម្មការបង្ហាញថាបច្ចុប្បន្ននេះ ចំនួនយុវជនទៅវត្តធ្វើបុណ្យមានកើនឡើង

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកស្រី មីស្រីផល

ភ្នំពេញ៖មន្រ្តីជាន់ខ្បស់ក្រសួងធម្មការនិងសាសនាបានឲ្យដឹងថាក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះយុវជន​​បាន​មកកាន់​​ទីវត្តអារ៉ាមមានកំណើនកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ ដែលបានជួយ​​លើកស្ទួយ​ទៅដល់ប្រពៃណីវប្បធម៌ខ្មែរ។

ឯកឧត្តម សេង សុមុន្នី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនាបានប្រាប់វិទ្យុជាតិកម្ពុជាយើងថា យុវជន យុវនារីជាច្រើនបានមកទីវត្តអារាមនៅក្នុងឳកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌទាំងពេលបោះបាយបិណ្ឌនិងពេលយកចង្ហាន់ទៅប្រគេនដល់ព្រះសង្ឃ។

ទោះជាយ៉ាងនេះក្តីឯកឧត្តមចង់ឲ្យយុវជនកាន់តែមានសកម្មភាពច្រើនឡើងបន្ថែមទៀតដើម្បីបង្ហាញពីការតបស្នងសងគុណដល់ញាតិការទាំង៧សណ្តានដែលបានចែកឋានទៅលោកខាងមុខផង ជួយលើកតម្កើងតម្លៃវប្បធម៌ជាតិខ្មែរអោយបានរុងរឿង។

 

 ឯកឧត្តមបានបញ្ជាក់ថា  នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះរាជរដ្ឋាភិបាលក៏បានណែនាំដល់យុវជនទាំងអស់អោយប្រព្រឹត្តតែអំពើល្អជៀសវាងអំពើអបាយមុខទាំងពួងដូចជាការសេពគ្រឿងស្រវឹងគ្រឿងញៀននិងល្បែងស៊ីសងជាដើម។ជាពិសេសគឺសម្លៀកបំពាក់អោយបានសមរម្យពេលទៅកាន់ទីវត្តអារ៉ាម ដើម្បីបង្ហាញពីប្រពៃណីវប្បធម៌របស់ខ្មែរដែលមានតាំងពីយូរលង់ណាស់មកហើយ។

 សម្លេង៖«ចំពោះអ្វីដែលរាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍន៍ប្រទេសយើងឲ្យយើងសប្បាយហើយម្យ៉ាងទៀតក៍ណែនាំប្រៀនប្រដៅកូនចៅប្រុសស្រីទាំងអស់ជំនាន់ក្រោយនិងអោយខិតខំធ្វើល្អខិតខំរៀនសូត្រខិតខំរកទទួលទានតាមច្បាប់តាមវិន័យគោរពច្បាប់ត្រឹមត្រូវកុំអោយប្រាសចាកអ្នកខ្លះទៅប្រព្រឹត្តខុសឆ្គងអាចទៅជូញដូររឺប្រើប្រាស់គ្រឿងញាណគ្រឿងស្រវឹងក្នុងពិធីនិងកុំអោយមានព្រោះជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាកុំឲ្យមានការផឹកស្រាឬលេងល្បែងដែលជាហេតុដែលបង្កឲ្យមានទំនាស់ឬគ្រោះថ្នាក់ដល់ចរាចរណ៍ធ្វើដំណើរប្រព្រឹត្តខុសឆ្គងនិងកាមគុណផ្សេងៗដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ខ្លួនយើងគ្រប់រូប »។

សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា ព្រះលេខាធិការថេរសភានៃព្រះពុទ្ធសាសនាបានមានសង្ឃដីការទទួលស្គាល់ថា យុវជនយុវនារីពិតជាមានកំណើនច្រើនមកកាន់ទីវត្តអារ៉ាមក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ពិសេសពេកមកបោះបាយបិណ្ឌយុវជនគ្មានការប្រព្រឹត្តអំពើអសីលធម៏នៅក្នុងទីវត្តអារ៉ាមឡើយ។

សម្លេង៖ «អាត្មាសង្កេតឃើញថានៅប៉ុន្មានឆ្នាំចុងក្រោយនេះឃើញតាមវត្តអារាមនីមួយៗពេលដាក់បិណ្ឌនិងបោះបាយបិណ្ឌយុវជននិងយុវនារីមកបោះច្រើនណាស់ច្រើនមែនទែន យកចិត្តទុកដាក់ធ្វើបុណ្យច្រើនប្លែកដោយសារប្រមុខរាជរដ្ឋាភិបាលនិងគឺតែងតែបង្ក្រាបតែងតែយកចិត្តទុកដាក់ចំពោះជនស្ទាវជនដែលប្រព្រឹត្តនូវជក់ថ្នាំជក់ម៉ានិងចឹងសូមឲ្យបងប្អូនកូនក្មួយទាំងអស់ចូលវត្តរាប់បាត្រធ្វើបុណ្យកុសលឧទ្ទិសដល់មាតាបីតាផងបានដល់ខ្លួនយើងល្អប្រសើរក្នុងបច្ចុប្បន្នក្នុងលោកីយ៍នេះផង»។

សូមបញ្ជាក់ថាពិធីបុណ្យភ្ជុំបិណ្ឌគឺប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១រោចខែភទ្របទរហូតដល់ថ្ងៃទី១៥រោចខែភទ្របទហើយប្រជាពលរដ្ឋខ្មែរភាគច្រើនបានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅគ្រប់ទីវត្តអារាមដោយសារតែពួកគាត់មានជំនឿយ៉ាងមុតមាំទៅលើព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ៕