ក្រសួងការងារ និងដៃគូពាក់ព័ន្ធបន្ដគម្រោងទី២លើការងារបណ្តុះបណ្តាលវិេជ្ជាជីវៈមុខរបរដល់យុវជន

វិទ្យុជាតិកម្ពុជា៖ដោយលោកជួនបូណា

ភ្នំពេញ៖ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសបន្ដគម្រោងទី២ជាមួយដៃគូពាក់ព័ន្ធក្នុងការអភិវឌ្ឍមុខរបរ និងការងាររបស់យុវជន ដើម្បីជំរុញការងារសហគ្រិនភាពអោយទាន់សម័យបច្ចេកវិទ្យាទំនើប។

ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំគណៈប្រឹក្សាភិបាលលើកទី៣នៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ “រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា កាលពីរសៀលថ្ងៃទី ២៥ ខែកញ្ញា នេះ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត អ៉ិត សំហេងរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ក្រសួងការងារ និងដៃគូពាក់ព័ន្ធបានបូកសរុបការងារជំហ៊ានទី១ ហើយអនុម័តផែនការសកម្មភាពសម្រាប់ការងារជំហ៊ានទី២សម្រាប់មួយឆ្នាំបន្ដទៅមុខទៀត។

ឯកឧត្ដមបន្ដថា គម្រោងសម្រាប់ឆ្នាំទី២នេះ គឺប្រមូលផ្ដុំមុខរបរ ឆ្ពោះទៅរកគោលដៅសម្រាប់យុវជន ដែលងាយរងគ្រោះ ដូចជាអ្នកបោះបង់ការសិក្សា ដើម្បីអោយពួកគេមានឱកាសទទួលបានការងារដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ។ម្យ៉ាងវិញទៀត គម្រោងនេះក៏ជាការ ប្រមូលផ្ដុំនូវការបណ្ដុះបណ្ដាលអប់រំនៅតាមសហគ្រាសរោងចក្រ ជាពិសេសជំរុញការរៀនអនក្ខរកម្មសម្រាប់កម្មករដែលមិនចេះអក្សរ និងបង្រៀនបំណិតជីវិតនៅគ្រឹះស្ថានសិក្សានៃក្រសួងអប់រំ ក៏ដូចជាគ្រឹះស្ថានវិជ្ជាជីវៈរបស់ក្រសួងការងារផងដែរ។

សូមបញ្ជាក់ថា គម្រោងរួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា គឺមានដៃគូទីភ្នាក់ងារអភិវឌ្ឍន៍អន្ដរជាតិមានដូចជាអង្គការសហប្រជាជាតិ យូនីស្កូ យូនីសេស អាយឡូ យូអ៊ិនវី ទីភ្នាក់ងារអភិវឌ្ឍន៍ស្វីស៕