សម្ដេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខនិងសោកស្ដាយចំពោះមរណៈភាព ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម

​AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ —  ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ស​ម្ដែង​នូវ​ការសោកស្ដាយ និងចូលរួមមរណៈទុក្ខ ចំពោះមរណភាពរបស់ឯកឧត្ដម Tran Dai Quang ប្រធាន​រដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។


​ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មាន បន្ទា​ប់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រ​កម្ពុ​ជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Luong Cuing ប្រធានអគ្គស្នងការនយោបាយនៃ​កងទ័ព​វៀត​ណា​ម ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៨នៅវិមានសន្តិភាព ក្នុង​ខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា​។

ឯកឧត្ដម Luong Cuing បានជម្រាបជូនសម្ដេចតេជោថា នេះជាគឺជាលើកទីមួយ ដែល​ឯក​ឧត្ដម​បានដឹកនាំគណៈប្រតិភូអគ្គស្នងការនយោបាយនៃ​កងទ័ព​វៀត​ណា​ម មកកាន់ព្រះរាជា​ណា​​​​ចក្រកម្ពុជា ហើយឯកឧត្ដមក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីឯកឧត្ដមនាយក​រដ្ឋមន្ត្រីវៀតណាមជូនចំពោះសម្ដេចតេជោ និងបានសម្ដែងនូវការអបអរសាទរជូន​សម្ដេចតេ​ជោ​នាយករដ្ឋមន្ត្រី ចំពោះលទ្ធផលនៃការបោះឆ្នោតដែលបានទទួលជោគជ័យ​យ៉ាងត្រចះ​ត្រ​ចង់​ និងការដឹកនាំបន្តទៀតរបស់សម្ដេចតេជោ។

ឯកឧត្ដម ក៏បានរាយការណ៍ជូន​សម្ដេច​នាយ​ក​រដ្ឋ​មន្ត្រីដែរថា ឯកឧត្ដមបានជួបពិភាក្សាការងារជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងបានធ្វើទស្សនកិច្ចនៅកងពលតូចលេខ៧០ និង​បាន​ជួបពិភាក្សាការងារជាមួយ ឯកឧត្ដម នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ដែល​ក្នុង​នោះបានរួមគ្នាវាយតម្លៃអំពីស្ថានភាពនយោបាយ ក្នុងតំបន់ និងពិភពលោក ក៏ដូចជាការ​វាយ​តម្លៃនូវសក្ដានុពល និងការប្រឈមទាំងឡាយ ព្រមទាំងរួមគ្នាពង្រឹងមិត្តភាព ដើម្បីធ្វើ​យ៉ាង​​ណារក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព សម្រាប់ការអភិវឌ្ឍប្រទេសទាំងពីរ។ ទន្ទឹមនេះ តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ ផ្លាស់ប្ដូរព័ត៌មាន ការអភិវឌ្ឍធនធានមនុស្ស និង​ការ​ផ្លាស់ប្ដូរទស្សនកិច្ចរវាងភាគីទាំងពីរ។

​ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងនូវការចូលរួម​សោក​ស្ដា​យ ចំពោះមរណភាពរបស់ឯកឧត្ដមប្រធានរដ្ឋ Tran Dai Quang និងថ្លែងអំ​ណ​រគុ​ណ​​ចំពោះឯកឧត្ដម Luong Cuing ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្ដមនាយក​រ​ដ្ឋ​​​មន្ត្រី​វៀតណាម ជូនចំពោះសម្ដេច ព្រមទាំងបានថ្លែងអំណរគុណចំពោះការសម្ដែងនូវ​ការ​អ​ប​​​អរសាទរចំពោះជោគជ័យនៃការបោះឆ្នោតនៅកម្ពុជា។ សម្ដេចតេជោ ក៏បានថ្លែងអំណរ​គុ​ណ​​​ផងដែរចំពោះរបាយការណ៍ ដែលឯកឧត្ដម Luong Cuing បានរាយការណ៍ និងសម្ដែង​នូវ​ការ​គាំទ្រ និងលើកទឹកចិត្តលើអ្វីដែលបានសម្រេចរួចហើយ ឱ្យទទួលបានជោកជ័យ។ ទន្ទឹម​និ​ង​​​នេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះប្រជាជន និងរដ្ឋាភិបាល​វៀត​ណាមផងដែរ ដែលកន្លមកបានយកចិត្តទុកដាក់ជួយដល់កម្ពុជា ដោយ​សម្ដេចបាន​បញ្ជា​ក់ថា ភាពរស់រានមានជីវិត និងរុងរឿងរបស់កម្ពុជា មិនអាចកាត់ផ្ដាច់បានពីការ​ចូលរួមចំណែក​រ​បស់​វៀតណាមបានឡើយ៕

ដោយ ជឹម ណារី