រយៈពេល៩ខែ ក្នុងឆ្នាំ២០១៨នេះ ចំនួនភ្ញៀវទេសចរមកទស្សនា កម្សាន្តក្នុងខេត្តកំពង់ចាមមានការកើនឡើងប្រមាណ ២៧ភាគរយ

AKP កំពង់ចាម ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានឱ្យទីភ្នាក់ ងារសារព័ត៌មានAKPដឹងនៅថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះថា រយៈពេល៩ខែ ក្នុងឆ្នាំ២០១៨នេះ​ អត្រាភ្ញៀវទេសចរជាតិ និងអន្ដរជាតិ​មកកម្សាន្ដ និងទស្សនានៅតាមរមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុងខេត្តកំពង់ចាមមានប្រមាណជាង៣៩៥៣០០នាក់។

ចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០១៨ បើប្រៀបធៀបទៅ​ ​នឹងរយៈពេលដូចគ្នាឆ្នាំ២០១៧មានការកើនឡើងជាង៨ម៉ឺននាក់ ​ស្មើនឹង​២៧ភាគរយដែលក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនជាង៣៨៤០០០នាក់មានការកើនឡើងប្រមាណជាង២៨ភាគរយ។ ចំពោះភ្ញៀវទេសចរអន្តជាតិវិញបានមកកម្សាន្តមានចំនួនជាង១
ម៉ឺននាក់មានការថយចុះប្រមាណ៥ភាគរយបើធៀបនឹងឆ្នាំ២០១៧។

លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ទោះបីខេត្តកំពង់ចាម​មិនស្ថិតក្នុងប៉ូល ទេសចរណ៍​សំខាន់ៗ​​ ដូចជាខេត្តដទៃក៏ដោយ ដោយខេត្តមានរមណីយដ្ឋាន ទេសចរណ៍ជាច្រើនកន្លែងមាន​ទាំងរមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ដ្រ​បែបធម្មជាតិ ​របៀបកែច្នៃ រួមជាមួយនឹងការអភិវឌ្ឍន៍មានការ​រីកចម្រើន​គ្រប់ផ្នែក​គ្រប់វិស័យ​ ជា​ពិសេសវិស័យទេសចរណ៍ បាននឹងកំពុងធ្វើការអភិវឌ្ឍ និងជាមួយកត្តាសន្ដិសុខសាធារណៈ ជាកត្តាចម្បង​សម្រាប់ភ្ញៀវទេសចរ​នៅតាមរមណីយដ្ឋាន​ទេសចរណ៍​យើងអាច ស្រូបបាននូវកំណើនភ្ញៀវទេសចរជាតិ ​និងអន្ដរជាតិមក​ចូលមកកម្សាន្ដ​នៅទឹកដី​ខេត្តកំពង់ចាមមានការកើនឡើងជាលំដាប់។​

លោក ស៊ាន សុគុន បានឱ្យដឹងបន្ថែមទៀតថា ប៉ុន្មានឆ្នាំចុងក្រោយបន្ទាប់ពីទី ក្រុងកំពង់ចាមបានធ្វើការអភិឌ្ឍន៍មានលក្ខណៈពណ៌បៃតងស្រស់បំព្រងខួបប្រាំងវស្សា ពិសេសការអភិវឌ្ឍន៍នៅតាមដងទន្លេមេគង្គក្រុងកំពង់ចាម ជាសួនច្បារ និងជាកន្លែងដើរ កម្សាន្តដ៏ទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់តែច្រើន ពិសេស ដំណើរកម្សាន្ត តាមនាវាធំរបស់ភ្ញៀវមកជាហូរហែក្នុងការមកកម្សាន្តនៅតាម រមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្ត។

លោក ស៊ាន សុគុន បានឱ្យដឹងទៀតថា ខេត្តមានរមណីយដ្ឋានទេសចរណ៍ ចំនួន១០កន្លែង ដែលរមណីយដ្ឋានបែបប្រវត្តិសាស្ត្រមាន៤កន្លែងបែបធម្មជាតិមាន ៤កន្លែង និងបែបកែច្នៃមាន២កន្លែង។ សណ្ឋាគារមានចំនួន១៦កន្លែង ស្មើ៧៣៣បន្ទប់ ផ្ទះសំណាក់ ១២២កន្លែងស្មើ៨០៧បន្ទប់ ផ្ទះមានបន្ទប់សម្រាប់ជួលចំនួន៣៨៦កន្លែង ភោជនីយដ្ឋាន ១១កន្លែង អាហារដ្ឋានមាន៧៧កន្លែង និងខារ៉ាអូខេមានចំនួន៩៧កន្លែង។

លោក ស៊ាន សុគុន បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ធ្វើឱ្យ​ប្រទេសជាតិមានការរីកចម្រើនលើគ្រប់ វិស័យនៅទូទាំងប្រទេស ពិសេសវិស័យទេសចរណ៍​បាន និងកំពុង​ធ្វើ​ការអភិវឌ្ឍ​ក្នុងការ​​ទាក់ទាញ​ភ្ញៀវទេសចរចូលមកទស្សនា។ ​វិស័យទេសចរណ៍នេះ​បានរួមចំណែកយ៉ាងសំខាន់​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយ​ភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ចលនាប្រឡង ប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត ​សេវាល្អបាននិង​កំពុងទាក់ទាញ​ភ្ញៀវទេសចរ ចូលមកទស្សនានៅតាមរមណីយដ្ឋាននានា​ក្នុង​ព្រះរាជាណាចក្រកម្ពុជា៕

​ ដោយ ឆាយ ម៉ុត