ប្រទេសធំៗចំនួន​៣​បាន​ចាប់​ផ្តើ​មដំណើរការ​ជួសជុល និងអភិរក្ស​ប្រាសាទ​ព្រះ​វិហារ បន្ទាប់​ពី​បាន​ធ្វើ​ការ​សិក្សា​អំពី​បច្ចេក​ទេស​រួច​រាល់

AKP សៀមរាប ថ្ងៃទី២០ ខែកញ្ញា ឆ្នំាំ២០១៨ — ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះ​វិហារបង្ហាញថា ដើម្បីអភិរក្ស និង​អភិវឌ្ឍរមណីយដ្ឋាន ប្រាសាទ​​ព្រះវិហារ​ និង​រមណីយដ្ឋាន​ប្រាសាទកោះកែរនាពេលនេះ មានប្រទេសធំៗចំនួន​៣​បាន​ចាប់​ផ្តើ​មដំណើរការ​ជួសជុល និងអភិរក្ស​ប្រាសាទ​ព្រះ​វិហារបន្ទាប់​ពី​បាន​ធ្វើ​ការ​សិក្សា​អំពី​បច្ចេក​ទេស​រួច​រាល់។ 
ឯកឧត្តម គឹម សេតារា ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារបានថ្លែងនៅក្នុង​កិច្ច​ប្រជុំបច្ចេក​ទេសលើកទី៤របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្សនិងលើកតម្លៃព្រះវិហារហៅកាត់ថា (ICC-PreahVihea) នៅសាលសន្និសីទអង្គរនៃអាជ្ញាធរ​ជាតិ​អប្សរាខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​២០ ​ខែ​កញ្ញា ឆ្នំា២០១៨នេះថា កិច្ច​ប្រជុំបច្ចេក​ទេសលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃព្រះវិហារ ឆ្នំាំនេះបាន​ធ្វើ​ការ​ពិភាក្សាគ្នា ដោយផ្តោតសំខាន់​ទៅលើការងារកំណាយបុរាណប្រព័ន្ធបង្ហូរ ទឹកប្រាសាទព្រះ​វិហារ ការរៀប​ចំផែន​ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការរៀប ចំកម្មវិធីអភិវឌ្ឍសហគមន៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារនិងប្រាសាទកោះកែរ។

ឯកឧត្តម​បាន​បញ្ជាក់ថា ដើម្បីអភិរក្ស និង​អភិវឌ្ឍរមណីយដ្ឋានប្រាសាទ​​ព្រះវិហារ​ និង​រមណីយដ្ឋាន​ប្រាសាទកោះកែរឱ្យកាន់តែមាន​ប្រសិទ្ធភាព​ខ្ពស់ ពេលនេះប្រទេសជាសមាជិក គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃព្រះវិហារទាំង៨ បានធ្វើសកម្មភាពជួសជុលនិង​អភិរក្សខ្លាំង​ជាង​ឆ្នំាំមុនៗ ជាពិសេសនោះប្រទេសធំៗចំនួន​៣ មានប្រទេសចិន ឥណ្ឌា និង​សហរដ្ឋអាមេរិក ​បាន​ចាប់​ផ្តើ​មដំណើរការ​ជួសជុល និងអភិរក្ស​ប្រាសាទ​ព្រះ​វិហារបន្ទាប់​ពី​បាន​ធ្វើ​ការ​សិក្សា​អំពី​បច្ចេក​ទេស​រួច​រាល់ ដូចជានៅគោបុរៈ ទី១ទី២ទី៣ គោបុរៈទី៥ និងជណ្តើរខាងជើងជាដើម។


ឯកឧត្តម​បាន​បញ្ជាក់ថា សម្រាប់​សហរដ្ឋមេរិកគឺនិង​ចំណាយ​ថវិកាចំនួន២០ម៉ឺន​ដុល្លាក្នុង១ឆ្នាំសម្រាប់ការងារជួសជុលជណ្តើរខាង​ជើង​នៃ​ប្រាសាទ​ព្រះ​វិហារ ហើយ​ដំណើរ​ការ​ជួស​ជុលនេះ​អាច​ប្រើ​ប្រាស់​រយៈជាង​៣ឆ្នាំ។ ក្រៅពីនេះ​ប្រទេសបែលហ្ស៊ិក បាន​កំពុង​ជួយដល់​ការ​ងារ​អភិវឌ្ឍសហគមន៍ បារាំង​បាន​ជួយ​សិក្សាអំពីប្រវត្តិសាស្រ្តនៅ​ប្រាសាទ​ព្រះ​វិហារ និង​ប្រាសាទកោះកែរ ហើយ​ប្រទេសជាសមាជិក​ផ្សេង​ៗទៀត​ក៏កំពុង​តែធ្វើសកម្មភាព​ផ្សេងៗគ្នាផងដែរ។

ឯក​ឧត្តម គឹម សេតារា បាន​បញ្ជាក់ទៀត​ថា ប្រាសាទ​ព្រះ​វិហារមាន​បញ្ហាប្រឈមខ្លាំងជាង​គេ​គឺនៅ​ពេល​រដូវ​ស្សានេះ​ប្រឈម​នឹង​ការ​ហូរទឹក​ច្រុះថ្ម ចំណែក​នៅ​ខែប្រាំងគឺ​ប្រឈម​ដោយ​សារ​ការ​ភ្លើង​ឆេះព្រៃ ហើយ​បញ្ហាទំាង​នេះ​មន្រ្តី​ជំនាញ​អាជ្ញាធរ​ព្រះ​វិហារ​រួម​ជាមួយប្រទេសជាសមាជិកបាន​កំពុងតែដោះស្រាយ​ ហើយ​នៅក្នុង​កិច្ច​ប្រជុំ​ថ្ងៃនេះ ក៏បានពិភាក្សាដោយផ្តោតសំខាន់​ទៅលើការងារកំណាយបុរាណប្រព័ន្ធបង្ហូរទឹកប្រាសាទព្រះ​វិហារនេះដែរ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈបាន​មាន​ប្រសាសន៍ថា ក្នុង​នាម​រដ្ឋាភិបាល​កម្ពុជាលោកជំទាវ​ប្តេជ្ញាចិត្ត​ធ្វើកិច្ច​សហប្រតិបត្តិការ ជាមួយ ប្រជា​សមាជិកគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃ ព្រះវិហារជាពិសេសប្រទេសចិន ឥណ្ឌា បារាំង និងសហរដ្ឋអាមេរិក ក្នុង​ការ​ធ្វើការងារ​អភិរក្ស និង​អភិវឌ្ឍរមណីយដ្ឋានប្រាសាទ​ព្រះ​វិហារ និង​រមណីយដ្ឋានប្រាសាទ​កោះកែរនេះ​ឱ្យកាន់តែមាន​ប្រសិទ្ធភាពខ្ពស់និងថែរក្សាប្រាសាទ​បុរាណ​ខ្មែរទាំងនេះ​ឱ្យនៅបាន​យូរអង្វែង។

សូមបញ្ជាក់ថា សម័យប្រជុំបច្ចេកទេសលើកទី៤របស់គណៈកម្មាធិការសម្រប សម្រួលអន្តរជាតិសម្រាប់ការអភិរក្សនិងលើកតម្លៃព្រះវិហារ បានប្រព្រឹត្តិទៅដោយ មានសហប្រធានចិន និងឥណ្ឌា។ សហប្រធានឥណ្ឌា សម្របសម្រួលដោយលោកស្រី Manika JAIN និងសហប្រធានចិន សម្របសម្រួលដោយលោកស្រី Zou WENXING និងសមាជិកចំនួន ៦ទៀត មានបែលហ្ស៊ិក បារាំង ជប៉ុន សាធារណរដ្ឋកូរ៉េ ថៃឡង់ដ៍ និងសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមពីភ្ញៀវជាតិ និងអន្ដរជាតិដទៃទៀតប្រមាណ ២០០នាក់៕

ដោយ ឃុត សៅ