ក្រុមអតីតៈសិស្សវិទ្យាល័យសម្តេចហ៊ុនសែនពាមជីកងគ្រោងជួបជុំគ្នារំលឹកគុណគ្រូលើកទី៦ នៅចុងខែកញ្ញានេះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន៖

ក្រុមអតីតៈសិស្សានុសិស្សនៃវិទ្យាល័យសម្តេចហ៊ុនសែនពាមជីកងគ្រោងជួបជុំគ្នារំលឹកគុណគ្រូនិងធ្វើបុណ្យដាក់បិណ្ឌសាមគ្គីរួមគ្នាជាលើកទី៦នៅចុងខែកញ្ញានេះ ដើម្បីបង្ហាញពីការរឹតចំណងមិត្ត រវាងអតីតៈ​សិស្សានុសិស្ស​រួម​ជំនាន់និងជំនាន់ផ្សេងៗគ្នា ពិសេសសម្តែងការដឹងគុណចំពោះ​លោកគ្រូ​ដែល​បានបង្ហាត់បង្រៀនកន្លងមក។


លោកគិត ឆៃអ៊ីម អតីតៈសិស្សវិទ្យាល័យ​សម្តេចហ៊ុនសែន​ពាមជីកង​ជំនាន់​ទី៣ និងជាមន្រ្តីបំរើការងារនៅក្រសួងមហាផ្ទៃ បានប្រាប់វិទ្យុជាតិ​កម្ពុជា​ឲ្យ​ដឹង​ថា កម្មវិធីដាក់បិណ្ឌសាមគ្គីមិត្តភាពកងមាសនេះ នឹងព្រឹត្តិទៅនៅ​ថ្ងៃទី​២៩ ខែកញ្ញាខាងមុខនេះ ដែលមានអតីតៈសិស្សានុសិស្ស​នៃវិទ្យាល័យ​សម្តេច​ហ៊ុនសែន ពាមជីកងចូលរួមពីជំនាន់ទី១​ដល់ជំនាន់ទី៦​ប្រមាណជាង​២៣០នាក់។

លោក បញ្ជាក់ថា ព្រឹត្តិការណ៍សំខាន់ៗនៅក្នុងពិធីនោះ មានការជួបជុំគ្នា​ច្រៀង​​​ចម្រៀងរៀបរាប់ពីស្រុកកំណើត ការប្រគេនចង្ហាន់ទេយ្យទាន និងរាប់​បាត្រដាក់បិណ្ឌសាមគ្គីរួមគ្នានៅក្នុងវត្តពាមជីកងរួមទំាងប្រគេនបច្ចេយ្យកសាងវត្ត ការផ្តល់ប្រាក់ឧបត្ថម្ភជូនដល់លោកគ្រូអ្នកដែលចូលនិវត្តន៍ រួមទំាង​ការពិសារអាហារសាមគ្គីរបស់អតីតៈសិស្សានុសិស្ស លោកគ្រូអ្នកគ្រូនិង​ច្រៀង​រាំកម្សាន្តរជាច្រើនទៀត។

លោកបញ្ជាក់ថា កម្មវិធីនេះ មិនត្រឹមតែជាការជួបជុំ អតីតៈសិស្ស និងគ្រូ​ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសំដែងការ ដឹងគុណដល់ លោកគ្រូអ្នកគ្រូ ដែលបានផ្តល់ចំណេះដឹងនិងដំបូន្មានល្អៗកន្លងមក ហើយជាពិសេសគឺ ដើម្បីបំផុស និងជំរុញ ការលើកទឹកចិត្តដល់សិស្សជំនាន់​ក្រោយដែល​កំពុង​ជួបការលំបាក ឱ្យតំាងចិត្តខិតខំរៀនសូត្រ ដើម្បីបញ្ចប់ការ សិក្សា​ដោយ​ជោគ​​ជ័យ។

លោកបន្ថែមថា មួយវិញទៀត កម្មវិធីនេះក៏មានគោលបំណង ស្វែងរក​ជំ​នួយ និងការឧបត្ថម្ភពី សប្បុរសជននានា​ដែលជាអតីតៈ​សិស្សានុសិស្ស​វិទ្យាល័យ​សម្តេចហ៊ុនសែនពាមជីកង ដើម្បីជួយកសាង និងជួសជុល​ហេដ្ឋា​រចនាសម្ព័ន្ធនានារបស់សាលា និងជួយដល់លោកគ្រូ អ្នកគ្រូ ដែលកំពុង​ជួបការខ្វះខាត។


ចំណែកលោកហុក សិទ្ធិ អតីតៈសិស្សវិទ្យាល័យ​សម្តេចហ៊ុនសែន​ពាមជី​កង​ជំនាន់ទី២ និងជាប្រធានអង្គការស៊ីប៉ាបានឲ្យដឹងដែរថាទំាង​រូបលោកក៏ដូច​ជាអតីតៈសិស្សានុសិស្សដ៏ទៃទៀតនៃវិទ្យាល័យ សម្តេចហ៊ុនសែនពាម​ជី​កង​ទន្ទឹង​រង់ចាំកម្មវិធីជួបជុំនាពេលខាងមុខនេះយ៉ាងខ្លំាង ព្រោះនឹងបាន​ជួប​មិត្តភត្តិចាស់ៗដែលបានបែកគ្នាកន្លងមក។

លោកបញ្ជាក់ថា ក្រុមអតីតៈសិស្សវិទ្យាល័យសម្តេច​ហ៊ុនសែន​ពាមជីកង​បាន​ប្តេជ្ញានឹងរួមគ្នារៀបចំកម្មវិធីជួបជុំនេះអោយបានជារៀងរាល់ឆ្នាំ ដើម្បី​មានឱ​កាសរំលឹកគុណលោកគ្រូអ្នកគ្រូផង និងជួបជុំគ្នាបង្ហាញពីការនឹក​រលឹក​​គ្នាទៅវិញទៅមក រួមទំាងការធ្វើបុណ្យរួមគ្នាជាដើម។


សូមបញ្ជាក់ថា មកដល់ពេលនេះក្រុមអតីតៈ​សិស្សវិទ្យាល័យ​សម្តេចហ៊ុន​សែន​ពាមជីកងបានបង្កើតកម្មវិធីរំលឹកគុណគ្រូនិង​​ធ្វើបុណ្យ​ដាក់បិណ្ឌ​រួម​គ្នាបានចំនួន៥លើករួចមកហើយចាប់តំាងពីឆ្នាំ២០១០មក ហើយសម្រាប់​ឆ្នាំនេះគឺជាលើកទី៦ដែលគ្រោងធ្វើនៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៨៕