រដ្ឋសភាដាក់បំពេញសមាជិក មុនចូលទៅរៀបចំសមាសភាពក្នុងគណៈកម្មការជំនាញ

វិទ្យុជាតិកម្ពុជា៖ ដោយ វ៉ាង ភក្តី៖

រដ្ឋសភាបានឯកភាពដាក់បំពេញសមាជិក មុនចូលទៅរៀបចំសមាសភាពក្នុងគណៈកម្មការជំនាញនៅព្រឹកថ្ងៃស្អែកនេះ ដើម្បីចាប់អនុវត្តការងារបង្កើតច្បាប់ និងដោះស្រាយរាល់បញ្ហា ក៏ដូចជាការសន្យាចំពោះប្រជាពលរដ្ឋ ដូចកាលពីមុនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកន្លងទៅនេះ។

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលដឹកនាំសម័យប្រជុំលើកទី១ នីតិកាលទី៦ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ បានប្រកាសផ្តល់សុពលភាពដល់តំណាងរាស្ត្រថ្មីចំនួន៣៨រូប ឱ្យចូលជំនួសតំណែងតំណាងរាស្ត្រដែលបានលាឈប់ទៅកាន់តំណែងក្នុងជួររាជរដ្ឋាភិបាលវិញ។

តំណាងរាស្ត្រថ្មី ដែលត្រូវបានសុពលភាព និងអភ័យឯកសិទ្ធិទាំងនោះ គឺមានមកពីមណ្ឌលបាត់ដំបងចំនួន២រូប មណ្ឌលកំពង់ចាមចំនួន៥រូប មណ្ឌលកំពង់ឆ្នាំងចំនួន២រូប មណ្ឌលកំពង់ស្ពឺចំនួន៣រូប មណ្ឌលកំពង់ធំចំនួន១រូប មណ្ឌលកណ្តាល៥រូប មណ្ឌលក្រចេះចំនួន១រូប មណ្ឌលរាជធានីភ្នំពេញចំនួន៤រូប មណ្ឌលព្រៃវែងចំនួន៥រូប មណ្ឌលពោធិ៍សាត់ចំនួន៣រូប មណ្ឌលព្រះសីហនុចំនួន២រូប មណ្ឌលកែបចំនួន១រូប មណ្ឌលតាកែវចំនួន១រូប មណ្ឌលឧត្តរមានជ័យចំនួន១រូប និងមណ្ឌលត្បូងឃ្មុំចំនួន២រូប។

សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា តំណាងរាស្ត្រថ្មី ដែលដាក់បំពេញសមាជិកសភាដែលបានលាឈប់ទៅកាន់តំណែងក្នុងជួររាជរដ្ឋាភិបាលនេះ នឹងត្រូវមុនចូលខ្លួនស្បថនៅក្នុងព្រះបរមរាជវាំងនៅល្ងាចនេះ មុនអញ្ញាតឱ្យចូលកាន់តំណែង ខណៈនៅព្រឹកថ្ងៃស្អែកនេះនឹងមានការបោះឆ្នោតជ្រើសរើសអនុប្រធាន និងសមាជិកនៅក្នុងគណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា។

សូមបញ្ជាក់ថា រដ្ឋសភាសម្រាប់នីតិកាលទី៦នេះ មានសមាជិកសរុបចំនួន១២៥រូប មកពីមណ្ឌលរាជធានីខេត្តទាំង២៥ នៃប្រទេសកម្ពុជា។ សមាជិកទាំងនេះ ត្រូវបានបែងចែកតាមគណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដើម្បីអនុវត្ត និងដោះស្រាយការងារ ដែលឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៕