ជនភៀសខ្លួនស៊ីរីច្រើនទៀតត្រឡប់ទៅស្រុកវិញពីប្រទេសលីបង់

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ — ទីភ្នាក់ងារព័ត៌មានជាតិរាយការណ៍ថា ជនភៀសខ្លួនស៊ីរីរាប់សឹបនាក់បានត្រឡប់ទៅកាន់ស្រុក កំណើររបស់ពួកគេវិញពីប្រទេសលីបង់ កាលពីថ្ងៃអាទិត្យតាមរថយន្តក្រុងនៅក្រោម ការត្រួតពិនិត្យមើល យ៉ាងម៉ត់ចត់ពីការិយាល័យសន្តិសុខទូទៅរបស់ប្រទេសលីបង់ តាមរយៈចំណុចឆ្លងកាត់Aboudiya ។

ជនភៀសខ្លួនស៊ីរីជាងមួយលាននាក់ ត្រូវបានចុះបញ្ជីជាមួយទីភ្នាក់ងារជនភៀសខ្លួន អ.ស.ប UNHCR ក្នុងប្រទេសលីបង់ដោយឡែករដ្ឋាភិបាលរបស់ប្រទេសលីបង់ បានប៉ាន់ប្រមាណចំនួនពិតប្រាកដនៃពួកជនស៊ីរីក្នុងប្រទេសនេះថា មាន១,៥លាននាក់ ។

ដើម្បីជួយសម្រួលដល់ការវិលត្រឡប់ របស់ពួកជនភៀសខ្លួនស៊ីរីទៅកាន់ស្រុកកំណើតរបស់ពួក គេវិញនោះប្រទេសរុស្ស៊ីបានធ្វើពង្រាងយុទ្ធសាស្ត្រមួយ សម្រាប់គោលបំណងនេះ ព្រមទាំងបានបង្ហាញនូវ យុទ្ធសាស្ត្រនេះ ដល់ពួកអាជ្ញាធរលីបង់ ។
យុទ្ធសាស្ត្រនេះដែលបានធ្វើពង្រាងដោយក្រសួងការពារប្រទេស និងក្រសួងកិច្ចការបរទេសរុស្ស៊ីនោះ កើតមានឡើងបន្ទាប់ពីកិច្ចប្រជុំមួយក្នុងទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់ រវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងសមភាគីអាម៉េរិករបស់លោក គឺលោក ដូណាល់ ត្រាំ កាលពីដើមខែនេះ។ យុទ្ធសាស្ត្រនេះ គឺសំដៅការពារសន្តិសុខ ដល់ការវិលត្រឡប់នៃជនភៀសខ្លួន៨៩០.០០០នាក់ ទៅកាន់ប្រទេសស៊ីរីពីប្រទេសលីបង់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )