នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង ​ធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ — នាយកទីភ្នាក់ងារសម្ងាត់​រដ្ឋរបស់ប្រទេសកូរ៉េខាងត្បូង ​បានចេញដំណើរទៅកាន់​ប្រទេស​ជប៉ុន កាលពីថ្ងៃអាទិត្យ ដើម្បីសង្ខេបជូននាយករដ្ឋមន្រ្តីជប៉ុន​លោក ស៊ីនហ្សូ អាបេ ស្តីអំពី​លទ្ធផលនៃដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុន ទៅកាន់ប្រទេសកូរ៉េខាងជើង ដោយ​គណៈប្រតិភូប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង។

លោក ស៊ុន ហុន នាយកសេវាស៊ើបការណ៍សម្ងាត់ជាតិ​បានស្ថិតនៅក្នុងចំណោម​គណៈប្រតិភូមួយដែលមានសមាជិកចំនួន៥នាក់ ដែលបានដឹកនាំដោយប្រធានទីប្រឹក្សា​សន្តិសុខ​របស់ប្រធានាធិបតីលោក មូន ចេ-អ៊ិន លោក ជុង អ៊ី-យ៉ុង។ ក្នុងដំណើរទស្សន​កិច្ច​ចំនួន១ថ្ងៃ កាលពីថ្ងៃពុធកន្លងទៅនោះ ដែលបានរួមបញ្ចូលទាំងកិច្ចចរចានានា ជាមួយមេដឹក​នាំ​កូរ៉េខាងជើង លោក គីម ជុង-អ៊ុន​។

ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងចំពេលដែលការជាប់គាំង​មួយនៅក្នុងកិច្ចចរចា​នុយក្លេអ៊ែរ រវាងទីក្រុងព្យុងយ៉ាង​និងទីក្រុងវ៉ាស៊ីងតោន។ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយកូរ៉េខាងត្បូងលោកគីម​បាននិយាយថា លោកបានអះ​អាង​​​ពីការ ប្តេជ្ញាចិត្តរបស់លោក​ក្នុងការធ្វើមិនឱ្យមាននុយក្លេអ៊ែរ ដោយនិយាយថា លោក​សង្ឃឹម​​ថា ដំណើរការនឹងត្រូវបានគេបញ្ចប់​នៅពេលបញ្ចប់អាណត្តិរបស់ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ នាពេលបច្ចប្បន្ននេះ នាដើមឆ្នាំ២០២១។

លោក ស៊ូ បានគ្រោងនឹង​ជួបប្រជុំជាមួយ​លោក អាបេ នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីពន្យល់​ពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់លោក ទៅកាន់កូរ៉េខាងជើង ព្រមទាំងស្នើដល់ប្រទេស​ជប៉ុន សម្រាប់កិច្ចសហ-ប្រតិបត្តិការនៅក្នុងកិច្ចខិតខំប្រឹងប្រែង​ដើម្បីបន្តកិច្ចចរចាធ្វើមិនឱ្យមាន​នុយ​ក្លេអ៊ែរ រវាងទីក្រុងព្យុងយ៉ាង និងវ៉ាស៊ីងតោន។
កាលពីថ្ងៃសៅរ៍ លោក ជុង បានធ្វើទស្សនកិច្ចប្រទេសចិន ដើម្បីផ្តល់នូវសចក្តីសង្ខេប​ស្រដៀង​គ្នានេះដែរ ជូនលោក យ៉ាង ហ្ស៊ីជី ជាសមាជិកការិយាល័យនយោបាយ នៃគណៈ​កម្មា​ធិការ​កណ្តាលគណបក្សកុំមុយនីស្តចិនផងដែរ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )