ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តវៀតណាមធ្វើទស្សនកិច្ចផ្លូវការនៅហុងគ្រី

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ — អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងសមភាគីរបស់លោកបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Ferenc Liszt ក្នុងទីក្រុង Budapest ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរបស់លោកនៅប្រទេសហុងគ្រី តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ។

ពិធីស្វាគមន៍ផ្លូវការសម្រាប់លោក និងគណៈប្រតិភូ ត្រូវបានរៀបចំឡើងនៅព្រលានយន្តហោះនោះ។ ប្រទេសវៀតណាម និងហុងគ្រី បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៥០។ ប្រទេសហុងគ្រីបានផ្តល់ឱ្យវៀតណាមនូវការគាំទ្រ និងជំនួយដ៏មានតម្លៃ ក្នុងអំឡុងពេលនៃការការពារ និងការស្ថាបនាប្រទេសនេះ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនៃទំនាក់ទំនងទ្វេភាគីនេះ បានទទួលនូវការ វិវឌ្ឍន៍យ៉ាងវិជ្ជមាន ដោយមានការផ្លាស់ប្តូរប្រតិភូ ជាពិសេសនៅកម្រិតខ្ពស់ដែលប្រព្រឹត្តទៅជាទៀងទាត់តាមរយៈបណ្តាញបក្សរដ្ឋបាល រដ្ឋសភាជាតិ និងថ្នាក់ខេត្ត។ ភាគីទាំងពីរក៏មានកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចអាស៊ី – អឺរ៉ុប៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)