របាយការណ៍របស់ WEF ព្រមានដល់បណ្តាធនាគារនៅអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ — របាយការណ៍ថ្មីរបស់អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) បានរកឃើញថា បណ្តាធនាគារធំៗរបស់អាស៊ានយល់ដឹងកាន់តែខ្លាំងអំពីផលប៉ះពាល់នៃអាជីវកម្មរបស់ពួកគេទៅលើបរិស្ថាន និងសង្គម ប៉ុន្តែហាក់មានសកម្មភាពតិចតួចទៅលើសក្ដានុពលដ៏ធំដែលពួកគេមាន ក្នុងការដោះស្រាយបញ្ហាបម្រែ បម្រួលអាកាសធាតុ និងនិរន្តរភាពផ្នែកហិរញ្ញប្បទានចំណីអាហារ ថាមពល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់។

របាយការណ៍នេះ ត្រូវបានបោះពុម្ពផ្សាយដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលសម្រាប់អភិបាលកិច្ចនៃសាលាពាណិជ្ជកម្មនៃសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) វិទ្យាស្ថាន និងស្ថាប័នមួយចំនួន ដែលបានរកឃើញថា បណ្តាធនាគារនៅអាស៊ានមិនបានបង្ហាញអំពីរបៀបដែលពួកគេគ្រប់គ្រង ហានិភ័យអាកាសធាតុស្របតាមអនុសាសន៍របស់ ក្រុមការងារសម្រាប់ហិរញ្ញវត្ថុទាក់ទងនឹងអាកាសធាតុនោះទេ (TCFD) ។

តំបន់នេះងាយនឹងទទួលរងនូវការបម្រែបម្រួលអាកាសធាតុ ដែលធ្វើឱ្យមានអសន្ដិសុខស្បៀង និងទឹកកាន់តែធ្ងន់ធ្ងរ។ របាយការណ៍បានឱ្យដឹងថា ដោយមិនគិតអំពីបញ្ហាទាំងនេះ ធនាគារនានានឹងខកខានឱកាសនៃការផ្លាស់ប្តូរសម្រាប់កិច្ចអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ ហើយអាចប្រឈមនឹង ហានិភ័យអាកាសធាតុនៅក្នុងតារាងតុល្យការរបស់ខ្លួន។

នៅក្នុងចំណោមធនាគារចំនួន៣៤ នៅក្នុងប្រទេសចំនួន៦នៅអាស៊ានរួមទាំងប្រទេសវៀតណាម ផង ដែលត្រូវបានធ្វើការវាយតម្លៃ មានតែធនាគារចំនួន ៤ប៉ុណ្ណោះ ដែលបានបង្ហាញថា អ្នកគ្រប់គ្រងជាន់ខ្ពស់មានការត្រួតពិនិត្យទៅលើហានិភ័យ និងឱកាសបម្រែបម្រួលអាកាសធាតុ ដែលជាអនុសាសន៍សំខាន់របស់ TCFD ។

ទន្ទឹមនឹងនេះដែរ មិនមានធនាគារណាមួយដែលបានបង្ហាញថា ពួកគេបានពិនិត្យមើលអំពីផលប៉ះពាល់នៃផលប័ត្ររបស់ពួកគេចំពោះហានិភ័យអាកាសធាតុនោះទេ។ ពួកគេក៏មិនបានបង្ហាញអំពីការធ្វើ សមាហរណកម្មរបស់ខ្លួន ជាមួយកិច្ចព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ ឬគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) នោះដែរ៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )