បេសកជនអាម៉េរិកនឹងធ្វើទស្សនកិច្ចកូរ៉េខាងត្បូង,ចិន និង ជប៉ុន ស្តីពីការធ្វើឱ្យកូរ៉េខាងជើងគ្មាននុយក្លេអ៊ែរ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ — ក្រសួងការបរទេសអាម៉េរិកបាននិយាយនៅក្នុងវ៉ាស៊ីងតោនកាលពីថ្ងៃព្រហស្បតិ៍ថា តំណាង ពិសេសសម្រាប់បញ្ហាកូរ៉េខាងជើង លោក ស្តេហ្វិន ប៊ីយេហ្គាន់ ( Stephen Biegun ) នឹងធ្វើដំណើរទៅកាន់ ទីក្រុងរដ្ឋធានីកូរ៉េខាងត្បូង,ចិន និង ជប៉ុន ពីថ្ងៃទី១០ដល់១៥ខែកញ្ញា ដើម្បីធ្វើការពិភាក្សាពីការធ្វើឱ្យកូរ៉េ ខាងជើងគ្មាននុយក្លេអែរ ។

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ប៊ីយេហ្គាន​ នឹងជួបជាមួយសមភាគីរបស់លោក ព្រមទាំងបន្តកិច្ចប្រឹងប្រែងការទូត ដើម្បីធ្វើឱ្យសម្រេចបានការធ្វើឱ្យកូរ៉េខាង-ជើងគ្មាននុយក្លេអ៊ែរ ដែលមានការពិនិត្យផ្ទៀងផ្ទាត់បានជាចុងក្រោយ និងទាំងស្រុងដូចដែលបានព្រមព្រៀងគ្នា ដោយលោកប្រធាន គីម នៅសិង្ហបុរី ។
កិច្ចចរចាកូរ៉េខាងជើង – ស.រ.អា បច្ចុប្បន្នត្រូវបានរាំងស្ទះគ្មានច្រកចេញដោយសារតែការមិនចុះ សម្រុងគ្នារបស់ពួកគេនៅក្នុងកម្រិតនៃការធ្វើមិនឱ្យមាននុយក្លេអ៊ែរ , ការដាក់ទណ្ឌកម្មរបស់ ស.រ.អា ព្រម ទាំងថា តើត្រូវចេញសេចក្តីប្រកាសការបញ្ចប់សង្គ្រាមមួយ ឬ យ៉ាងណានោះ ។

ក្រសួងការបរទេសបាននិយាយកាលពីខែកន្លងទៅថា ការធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ តួតែ កើតឡើងមុន ស.រ.អា ចុះហត្ថលេខាលើសេចក្តីប្រកាសបញ្ចប់សង្គ្រាមជាមួយកូរ៉េខាងជើង ដោយឡែក កូរ៉េខាងជើងបានអះអាងថា ឯកសារមួយបែបនេះ គឺជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពនៅលើឧបទ្វីប នេះ ដោយឡែកក្រុងវ៉ាស៊ីងតោនបាននិយាយថា វាដូចជាលឿនពេក ដើម្បីធ្វើការពិភាក្សាគ្នាពីប្រធានបទនេះ ។

ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកបានរាយការណ៍នៅមុខនេះថា ការចុះហត្ថលេខាលើសេចក្តីប្រកាសរួម មួយ ដើម្បីបញ្ជប់ជាផ្លូវការសង្គ្រាមកូរ៉េនោះ គឺជាកិច្ចព្រមព្រៀងគ្នាដោយមាត់ទទេក្នុងបណ្តាកិច្ចព្រមព្រៀង ដោយមាត់ទទេនានា រវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុង អ៊ុន នៅពេលដែលមេដឹកនាំទាំងពីរជួបគ្នា កាលពីថ្ងៃទី១២ ខែមិថុនា នៅសិង្ហបុរី។

នៅឯការបញ្ចប់កិច្ចប្រជុំជាប្រវត្តិសាស្ត្រ ត្រាំ-គីម កាលពីខែមិថុនា ភាគីទាំងពីរបានចេញសេចក្តី ថ្លែងការណ៍រួមគ្នាមួយ ដែលក្នុងនោះគេបានព្រមព្រៀងគ្នាធ្វើឱ្យល្អប្រសើរទំនាក់ទំនងទ្វេភាគី ព្រមទាំងធ្វើ ការជាមួយគ្នា ដើម្បីកសាងរបបសន្តិភាពដែលឋិតឋេរនិងមានស្ថិរភាពមួយនៅលើឧបទ្វីបនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)