បេសកជនអាមេរិក​ទទួលបន្ទុកកូរ៉េខាងជើង​នឹងធ្វើទស្សនកិច្ច នៅកូរ៉េខាងត្បូងនាសប្តាហ៍ក្រោយនេះ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ — ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បេសកជនពិសេសអាមេរិក​ទទួលបន្ទុក កូរ៉េខាងជើង នឹងធ្វើដំណើរជាលើកដំបូងរបស់លោកទៅកាន់ប្រទេសកូរ៉េខាងត្បូង​នាសប្តាហ៍ក្រោយនេះ ដើម្បីជួបប្រជុំជាមួយពួកមន្រ្តី ​ព្រមទាំងពិភាក្សាគ្នាពីកិច្ចខិតខំប្រឹងប្រែង​នានា​ក្នុងការរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។​

ក្រសួងបាននិយាយនៅក្នុងការចេញផ្សាយព័ត៌មានមួយថា លោក Stephen Biegun ដែលលោកត្រូវបានគេតែងតាំងកាលពីខែកន្លងទៅ ដើម្បីបម្រើការងារជា​តំណាងពិសេស​ទទួលបន្ទុកកូរ៉េខាងជើង នឹងធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូល ទីក្រុងប៉េកាំង និងទីក្រុងតូក្យូ ចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃអាទិត្យ​នា សប្តាហ៍ក្រោយនេះ។ វាមិនទាន់ត្រូវបានគេប្រកាសនូវ​កាល​បរិច្ឆេទ​ច្បាស់លាស់នៅឡើយទេ។

ក្រសួងបាននិយាយថា តំណាងពិសេសរូបនេះ នឹងជួបប្រជុំជាមួយ​សមភាគី​របស់លោក និងបន្តកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីធ្វើឱ្យសម្រេចនូវការបញ្ចប់​ការធ្វើមិនឱ្យ​មាន​នុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលផ្ទៀងផ្ទាត់យ៉ាងពេញលេញ ខណៈពេលដែលបាន​ព្រមព្រៀងគ្នា​ ដោយមេដឹកនាំលោក គីម នៅប្រទេសសិង្ហបុរី​ ដោយសំដៅដល់ការប្តជ្ញាចិត្ត​របស់​មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ​ក្នុងអំឡុងកិច្ចប្រជុំកំពូល​កាលពីខែមិថុនា​របស់លោក ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​។

លោក Biegun អតីតជាអនុប្រធានក្រុមហ៊ុន Ford Motor ត្រូវបានតែងតាំងដើម្បីដឹកនាំ​ក្រុមចរចាពីការធ្វើមិនឱ្យមាននុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង ហើយត្រូវបានធ្វើដំណើរ​ជាមួយ​រដ្ឋមន្រ្តីការបរទេស អាមេរិក លោក ម៉ិក ពុំពីអូ​ ទៅកាន់ទីក្រុងព្យុងយ៉ាង កាល​ពីខែកន្លង​មកនេះ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )