មេដឹកនាំកូរ៉េខាងជើងអំពាវនាវឱ្យមានកិច្ចប្រឹងប្រែង ថែមទៀតដើម្បីធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ — ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ( KCNA ) ផ្លូវការរាយការណ៍ពីថ្ងៃព្រហស្បតិ៍ថា លោក គីម ជុងអ៊ុន ( Kim Jong -Un ) មេដឹកនាំកំពូលកូរ៉េខាងជើងបានប្រាប់បេសកជនកូរ៉េខាងត្បូងថា ភាគីទាំងពីរគួរតែធ្វើកិច្ចប្រឹងប្រែងរបស់ខ្លួនថែមទៀតដើម្បីធ្វើឱ្យចេញជារូបរាងពិតប្រាកដការធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ។

នៅឯកិច្ចប្រជុំមួយជាមួយសមាជិកគណៈប្រតិភូបេសកជនពិសេសមួយរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា អ៊ីន ( Moon Jae- in ) នៅក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធ លោក គីម បាននិយាយថា លោកគាំទ្រយ៉ាងរឹងមាំ ព្រមទាំងនឹងមានភក្តីភាពចំពោះការលុបបំបាត់ទាំងស្រុងគ្រោះថ្នាក់នៃ ជម្លោះប្រដាប់អាវុធហើយ នឹងអំពើអាក្រក់នៃសង្គ្រាមចេញពីឧបទ្វីបកូរ៉េ ព្រមទាំងប្រែក្លាយឧបទ្វីបនេះឱ្យទៅជាអង្រឹងនៃសន្តិភាពមួយ ដែលគ្មានអាវុធនុយក្លេអ៊ែរ ហើយនឹងគ្មានការគំរាមកំហែងដោយនុយក្លេអ៊ែរណាមួយនោះ ។

តាមសេចក្តីរាយការណ៍ដោយ KCNA ឱ្យដឹងថា លោក គីម បានធ្វើការផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងទូលំទូលាយជាមួយគណៈប្រតិភូបេសកជនពិសេសនេះ អំពីគម្រោងសម្រាប់កិច្ចប្រជុំកំពូលក្រុងព្យុងយ៉ាងរវាងលោក គីម និងលោក មូន ដែលត្រូវធ្វើក្នុងខែកញ្ញា ហើយនឹងបានធ្វើកិច្ចព្រមព្រៀងគ្នាគួរជាទីពេញចិត្តជាមួយគម្រោងនេះ ។

សេចក្តីរាយការណ៍បាននិយាយបន្ថែមថា លោក គីម បាននិយាយថា លោកគាំទ្រទាំងស្រុង ព្រមទាំងមានសមានចិត្តជាមួយការតាំងចិត្តរបស់លោក មូន ហើយថា លោកនៅតែឥតផ្លាស់ប្តូរដដែលក្នុងការតាំងចិត្តរបស់លោក ដើម្បីខិតខំនាំមកនូវលទ្ធផលដែលកាន់តែប្រសើរឡើងឱ្យដល់ជនរួមជាតិតាមកាលបរិច្ឆេទឱ្យបានលឿនមួយដោយចងចាំនូវបេសកកម្មនេះ នៅចំពោះមុខប្រទេសជាតិ ព្រមទាំងការរំពឹងទុករបស់ប្រទេស ។ សេចក្តីរាយការណ៍ដោយ KCNA បានឈប់ង៉ក់មិននិយាយដល់កាលបរិច្ឆេទជាក់លាក់ណាមួយសម្រាប់កិច្ចប្រជុំកំពូលនេះទេ ។

លោក ជុង អឺយ យ៉ុង ( Chung Eui -Yong )ទីប្រឹក្សាសន្តិសុខជាតិកំពូលរបស់លោក មូន ដែលដឹកនាំគណៈប្រតិភូពិសេស មានសមាជិក៥ រូបនោះ បានត្រឡប់មកកូរ៉េខាងត្បូងវិញ នៅល្ងាចថ្ងៃពុធ នឹងបានប្រាប់សន្និសីទសារព័ត៌មានមួយក្នុងក្រុងសេអ៊ូល កាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េទាំងពីរបានព្រមព្រៀងគ្នាធ្វើកិច្ចប្រជុំកំពូល មូន -គីម លើកទីបី នៅក្នុងទីក្រុងរដ្ឋធានីកូរ៉េខាងជើង ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២០ ខែកញ្ញា ។

លោក ជុង បាននិយាយថា កូរ៉េទាំងពីរនឹងធ្វើកិច្ចប្រជុំថ្នាក់ការងារថ្នាក់ខ្ពស់មួយនៅដើមសប្តាហ៍ខាងមុខនេះនៅឯភូមិព្រំដែនបាន់មុនហ្សូម ដើម្បីពិភាក្សាគ្នាពីពិធីការ សន្តិសុខ, គមនាគមន៍ ព្រមទាំងទំហំផ្សព្វផ្សាយប្រព័ន្ធផ្សព្វផ្សាយសម្រាប់កិច្ចប្រជុំកំពូលនាពេលខាងមុខនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )