ពួករដ្ឋអាជ្ញាកូរ៉េខាងត្បូងទាមទារឱ្យដាក់ពន្ធនាគារ អតីតប្រធានាធិបតីលោក លី មីយុង បាក់ រយៈពេល២០ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ — ពួករដ្ឋអាជ្ញាកូរ៉េខាងត្បូងកាលពីថ្ងៃព្រសហស្បតិ៍នេះ បានទាមទារឱ្យមានការដាក់ពន្ធនាគាររយៈពេល២០ឆ្នាំ អតីតប្រធានាធិបតីអភិរក្សនិយម លោក លី មីយុង បាក់ ( Lee Myung bak )លើបទចោទប្រកាន់ពុករលួយ ។

ពួករដ្ឋអាជ្ញាបាននិយាយនៅក្នុងសវនាការតុលាការចុងក្រោយមួយពីករណីលោក លី ថា តុលាការ សង្កាត់កណ្តាលក្រុងសេអ៊ូល គួរតែកាត់ទោសលោក លី ដាក់ពន្ធនាគាររយៈពេល២០ឆ្នាំ ដោយស្នើឱ្យពិន័យជាប្រាក់ ១៥ពាន់លានវ៉ុន ( ១៣,៣លានដុល្លារ ) ព្រមទាំងការដកហូតយកប្រាក់ ១១,១ពាន់លានវ៉ុន ( ៩,៩លានដុល្លារ ) ។

លោក លី ដែលបានកាន់តំណែងប្រធានាធិបតី រយៈពេល៥ឆ្នាំ ចាប់ពីដើមឆ្នាំ ២០០៨ មកនោះ ត្រូវគេចាប់ខ្លួនកាលពីចុងខែមីនា មុនមានការចោទប្រកាន់នៅក្នុងខែបន្ទាប់លើបទចោទប្រកាន់ពុករលួយចំនួន១៦ ដែលរួមមានការសូកប៉ាន់, ការបន្លំលួចប្រាក់ ព្រមទាំងការរំលោភអំណាច ។

លោក លី អាយុ ៧៦ ឆ្នាំត្រូវបានគេចោទប្រកាន់ពីបទបន្លំលួចប្រាក់រាប់សឹបលានដុល្លារពី DAS ជាសហគ្រាសផលិតផ្នែករថយន្តក្នុងស្រុកមួយដែលគេជឿថា ជា​របស់លោក លី នៅក្រោមឈ្មោះដែល ខ្ចីគេ ។

លោក លី ត្រូវបានគេចោទប្រកាន់ពីបទទទួលសំណូកពីទីភ្នាក់ងារចារកម្មរបស់ប្រទេសនិង​Samsung Electronics ក៏ដូចជាប្រធានក្រុមធនាគាររដ្ឋមួយ និងអ្នកនយោបាយម្នាក់ ។

លោក លី ក៏ត្រូវបានគេចោទប្រកាន់ផងដែរ ពីបទនាំយកដោយខុសច្បាប់ឯកសារសម្ងាត់ប្រធានាធិបតីចេញពីវិមានខៀវប្រធានាធិបតីទៅកាន់អាគារឯកជនរបស់លោក បន្ទាប់ពីការចូលនិវត្តន៍។

ពួករដ្ឋអាជ្ញាបាននិយាយថា ចុងចោទនេះបានរំលោភលើអំណាចប្រធានាធិបតីរបស់លោក ដែលប្រជាជនប្រគល់អំណាចឱ្យសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់លោក ព្រមទាំងបានធ្វើឱ្យខូចដល់ប្រវត្តិសាស្ត្រច្បាប់រដ្ឋធម្មនុញ្ញ ។ ពួកគេបានកត់ សម្គាល់ថា វាជាការអាក្រក់ណាស់សម្រាប់លោក លី ដែលបដិសេធទាំងស្រុងការធ្វើខុសទាំងអស់របស់លោកដែលបានប្រព្រឹត្តិក្នុងអំឡុងដែលលោកកាន់តំណែងប្រធានាធិបតីនោះ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )