មន្រ្តីរាជការ និងនិវត្តន៍ជន ទាំងអស់ នឹងទទួលបានប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល ពីរាជរដ្ឋាភិបាលនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកស្រី ផនវាសនា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាណាចក្រកម្ពុជា បានប្រកាសថា បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មន្ត្រីរាជ​ការ និងនិវត្តន៍ជន ទាំងអស់ នឹងទទួលបានប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល ដែលរាជរដ្ឋាភិបាលគ្រោងនឹង​​ចំណាយ​ប្រមាណ​ជា៣០ពាន់លានរៀល ដែលតំរូវឲ្យ  ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ រៀបចំការងារ​នេះឲ្យ​បាន​ល្អ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងក្នុងអាណត្តិទី៦ ដែលបានប្រព្រឹត្តឡើងនៅ​​វិមាន​សន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែ កញ្ញានេះ សម្តេចតេជោ បានបន្ត ថា ចំពោះការបើកប្រាក់បៀវត្សរ៍វិញ នៅខែកញ្ញានេះ នឹងបើកនៅសប្តាហ៍ទី៤ ប្រាក់បៀវត្សរ៍ ខែតុលា នឹងបើកនៅសប្តាហ៍ទី១ ប្រាក់បៀវត្សរ៍ ខែវិច្ឆិកា នឹងបើកនៅ​សប្តាហ៍ទី២ ហើយ ចំណែកប្រាក់បៀវត្សរ៍ ខែធ្នូ វិញ នឹងបើកនៅសប្តាហ៍ទី៣។ សម្តេចតេជោ បញ្ជាក់ថា ការធ្វើ បែបនេះ គឺដើម្បីជួយសំរួលដល់ជីវភាពរបស់បងប្អូនមន្រ្តីរាជការ ក្នុងរដូវបុណ្យទាន។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បាន​ប្រកាស​ថា ចាប់ពីខែមករា ឆ្នាំ២០១៩នេះ តទៅ បងប្អូនមន្រ្តីរាជការ នឹងបើកប្រាក់បៀវត្សរ៍២សប្តាហ៍ម្តង ដើម្បីឲ្យបងប្អូន​​កាន់តែមានភាពងាយស្រួលក្នុងការ ចំណាយប្រចាំថ្ងៃ៕