វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ជាព្រឹត្តិការណ៍ការទូតដ៏ធំមួយរបស់វៀតណាមក្នុងឆ្នាំ ២០១៨

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨​ — យោងតាមអនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក Bui Thanh Son បានឱ្យដឹថា វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ( WEF ASEAN ) គឺជាព្រឹត្តិការណ៍ការទូតពហុភាគីដ៏ធំបំផុតមួយ ដែលទទួលរៀបចំដោយវៀតណាមនៅក្នុងឆ្នាំនេះ។


វេទិកា WEF អាស៊ាន គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកញ្ញា ត្រូវបានគេរំពឹងថា នឹងទទួលបានអ្នកតំណាងរដ្ឋាភិបាលជាន់ខ្ពស់ តំណាងក្រុមហ៊ុនសាជីវកម្មឈានមុខគេក្នុងថ្នាក់តំបន់ និងថ្នាក់ពិភពលោក ប្រមាណជិត ១ពាន់នាក់ ព្រមទាំងអ្នកសារព័ត៌មានរាប់រយនាក់មកពីបណ្តាញទីភ្នាក់ងារសារព័ត៌មានទូទាំងពិភពលោក និងតំបន់ ដើម្បីចូលរួមព្រឹត្តិការណ៍នេះ។

លោក Son ប្រធានក្រុមប្រឹក្សារៀបចំព្រឹត្តិការណ៍នេះបាននិយាយថា វេទិកា WEF ASEAN កំពុងកើតមានឡើងស្របពេលទៅនឹងការស្ថាបនាសហគមន៍អាស៊ានកំពុងត្រូវបានពន្លឿន និងកិច្ចអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងស្មុគស្មាញរបស់ពិភពលោក រួមជាមួយបដិវត្តន៍ឧស្សាហកម្មទី ៤ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។
លោកបាននិយាយថា ប្រធានបទនៃវេទិកានេះ «អាស៊ាន 4.0: សហគ្រិនភាពក្នុងបដិវត្តន៍ឧស្សាហ-កម្មលើកទីបួន» ដែលបានស្នើឡើងដោយវៀតណាម បានទទួលការគាំទ្រពីរង្វង់ផ្នែកនយោបាយ ធុរកិច្ច និងដៃគូ ជាពិសេស គឺសមាជិកអាស៊ាន ពីព្រោះវាទាក់ទងទៅនឹងប្រធានបទអាស៊ាន «ភាពរឹងមាំ និងភាពច្នៃប្រឌិតអាស៊ាន»។

ព្រឹត្តិការណ៍នេះក៏បានបង្ហាញអំពីសាមគ្គីភាព ថាមវន្ត និងការពឹងផ្អែកលើខ្លួនឯងរបស់បណ្តាប្រទេសនៅអាស៊ាន ក្នុងការទាញយកប្រយោជន៍ និងជម្នះឧបសគ្គពីឧស្សាហកម្ម 4.0 ។ ការចូលរួមរបស់ថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនានា និងអង្គការអន្តរជាតិសំខាន់ៗ រួមជាមួយនឹងស្ថាបនិក និងប្រធានប្រតិបត្តិរបស់ WEF បានអះអាងអំពីជំហររបស់វៀតណាមនៅក្នុងអាស៊ាន និងពិភពលោក ជាពិសេសបន្ទាប់ពីការរៀបចំប្រកបដោយជោគជ័យនៃព្រឹត្តិការណ៍ APEC កាលពីឆ្នាំ ២០១៧៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)