ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា ការកែទំរង់មិនមែនសំដៅទៅលើការដោះដូរ មនុស្សនោះទេ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកស្រី ផនវាសនា រូបភាពដោយ លោកអ៊ូកាណែល

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី ថ្លែងថា ក្នុងក្របខណ្ឌយុទ្ធសាស្រ្តអភិវឌ្ឍប្រទេសជាតិ មិនមែនការកែទំរង់សំដៅទៅលើការដោះដូរមនុស្សនោះទេ ប៉ុន្តែសំខាន់បំផុត គឺសំដៅទៅលើ ប្រសិទ្ធភាពការងារ។

 ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងក្នុងអាណត្តិទី៦ ដែលបានប្រព្រឹត្តឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែ កញ្ញានេះ ខណៈដែលមានមនុស្សមួយចំនួនរង់ចាំមើល ថាតើគណៈរដ្ឋមន្រ្តីថ្មី មានមន្រ្តីចាស់ប៉ុន្មាននាក់ និងថ្មីប៉ុន្មាន? សម្តេចតេជោ បញ្ជាក់ថា ពាក់ពន្ធ័បញ្ហានេះ សម្តេចមិនខ្វល់នោះទេ ប៉ុន្តែអ្វីដែលសម្តេចខ្វល់នោះគឺ ពាក់ពន្ធ័នឹងប្រសិទ្ធភាពការងារទៅវិញនោះទេ។

សម្តេចតេជោ បន្ថែមថា ការធ្វើនយោបាយបើគ្រាន់តែ ធ្វើដើម្បីដោះដូរមនុស្សនោះ មិនប្រាកដថារឹងមាំនោះ ទេ ប៉ុន្តែជោគជ័យរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមពីមនុស្ស៥នាក់ រហូត ដល់មានមនុស្សរាប់លាននាក់ តាមរបៀបរក្សាចាស់ បង្កើតថ្មី៕