អាជ្ញាធរខេត្តព្រះសីហនុ ផ្តើមជួសជុសទំនប់ការពារ ទឹកប្រៃព្រៃនប់ឡើងវិញ

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ណា ឌីណេ

ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ ចាប់ផ្តើមជួសជុសទំនប់ការពារ ទឹកប្រៃព្រៃនប់ ឡើងវិញ ដើម្បីបង្កើនការការពារកុំទឹកប្រៃហូរចូលលាយលំជាមួយនឹងទឹកសាបធានាដល់ការប្រើប្រាស់ ប្រចាំថ្ងៃ នឹងការងារបង្ករបង្កើនផលរបស់ប្រជាកសិករនៅតំបន់នោះ។

 

លោក ហេង សុភ័ណរិទ្ធ អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រះសីហនុ បានប្រាប់វិទ្យុជាតិកម្ពុជាថា  ក្រុមមន្រ្តីជំនាញកំពុងសម្រុកការជួសជុល ប្រព័ន្ធទំនប់ការពារទឹកប្រៃព្រៃនប់ នៅត្រង់ចំណុចដែលបានខូចខាតមួយចំនួន។ លោកអះអាងថា ទំនប់ការពារទឹកប្រៃព្រៃនប់នេះត្រូវបានជួសជុលជាប្រចាំដើម្បី ការពារប្រភពទឹកសាបនៅក្នុងតំបន់សុ្រកព្រៃនប់ទំាងមូលឲ្យមានទឹកសាប សំរាប់ប្រជាពលរដ្ឋ ប្រើប្រាស់គ្រប់គា្រន់។

សម្លេង៖« អីលូវនេះយើងជួសជុល និងបានថែទាំជាប្រចាំ គឺយើងធ្វើនៅក្នុងប៉ូលឌែ១ ប៉ូលឌែ២ ប៉ូលឌែ៣ ព៉ូលឌែ៤ នឹងប៉ូលឌែ៥ ចំណែកឯប៉ូលឌែ៥ រាល់ថ្ងៃយើងបានស្តារប្រឡាយមេរួចរាល់ហើយ ហើយនៅពេលដែលរាំងភ្លៀង យើងនឹងធ្វើការចាក់គ្រួសឡើងវិញ ព្រោះអីប៉ូលឌែ៥យើងខាងស្តារវាយូមកហើយ ទើបតែឆ្នាំនេះយើងបានថវិការសំរាបើស្តារឡើងវិញនៅប៉ូលឌែ៥ ចំណែកឯព៉ូលដែលបួន បី ពី មួយ កឺយើងបានជួសជុលថែទាំវាជាប្រចាំដូចគ្នា ដូចជាការកាប់ព្រៃ កុំអោយព្រៃវាដុះនៅលប់ទំបន់ ហើយយើងចាក់ដីបន្ថែមលើខ្នងទំនប់នីត្រង់កន្លែងណាដែលខូចខាត»។

 

  សួមបញ្ចាក់ថា  ប្រព័ន្ធការពារទឹកប្រៃ ព្រៃនប់ គ្របដណ្តប់លើផ្ទៃដីបង្ករបង្កើនផលរបស់ប្រជាកសិករ ប្រមាណជាង៩៧០០ហិកតា ក្នុងឃុំចំនួន១១។ ហើយនៅដើមឆ្នាំ២០១៩ ខាងមុខនេះ មន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត ព្រះសីហនុ នឹងបន្ត ជួសជុលទ្វារទឹកបន្ថែមទៀត ជាពិសេសនៅតំបន់រងការខូចខាតខ្លាំងជាងគេ៕