ប្រធានរដ្ឋសភាថ្មីប្តេជ្ញាដឹកនាំរដ្ឋសភានីតិកាលទី៦ឲ្យមានការរីកចំរើនឆ្លើយតបតម្រូវការម្ចាស់ឆ្នោត

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត
ភ្នំពេញ៖ ប្រធានរដ្ឋសភាថ្មីប្តេជ្ញាដឹកនាំរដ្ឋសភានីតិកាលទី៦ឲ្យមានការរីកចំរើនឆ្លើយតបតម្រូវការម្ចាស់ឆ្នោត ដើម្បីឲ្យប្រទេសជាតិមានការរីកចំរើន និងប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត។

បន្ទាប់ពីអង្គរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់តំណែងជាប្រធានរដ្ឋសភានីតិកាលទី៦នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានប្រកាសជាឱឡារិកថា សម្តេចនឹងខិតខំ បំពេញនូវបេសកកម្ម ដ៍ឧត្តុង្គ ឧត្តម ជាតំណាង របស់ប្រជាពលរដ្ឋដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ពង្រឹង នីតិរដ្ឋ និង បំរើជានិច្ច ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនិងមាតុភូមិកម្ពុជាឲ្យរីកចំរើនឆ្ពោះទៅមុខ។

សម្តេច នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសនានា អង្គការជាតិ និងអន្តរជាតិក្នុង​ក្របខ័ណ្ឌ​នីតិ​បញ្ញត្តិដើម្បីឲ្យកម្ពុជាមានស្មើមុខស្មើមាត់ជាមួយណ្តាប្រទេសនានាលើសកលលោកក្នុងនាមជារដ្ឋឯករាជ្យពេញលេញ។
នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៦ នៃរដ្ឋសភានេះ អង្គប្រជុំបានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ងួន ញ៉ិល ជាអនុប្រធានទី១ និងជំទាវ ឃួន សុដារី ជាអនុប្រធានទី២ នៃរដ្ឋសភា។

បន្ទាប់មកអង្គប្រជុំរដ្ឋសភាក៏បានបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភាភ្លាមៗផងដែរ។ ដោយឯកឧត្តម ប៉ា សុជាតិវង្ស ជាប្រធានគណៈកម្មការទី១ , ឯកឧត្តមជាម យៀប ប្រធានគណៈកម្មការទី២ , ឯកឧត្តម ជា វណ្ណដេត ប្រធានគណៈកម្មការទី៣ , ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ , ឯកឧត្តម ឈាង វុន ប្រធានគណៈ​កម្មការទី៥ , ឯកឧត្តម ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ , ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ , លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ , លោកជំទាវ ងិន សុផុន ប្រធានគណៈកម្មការទី និងឯកឧត្តម ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា។

សូមបញ្ជាក់ថា តំណាងរាស្រ្តនីតិកាលទី៦ចំនួន១២៥រូបនេះ និងបន្តធ្វើការងាររបស់ខ្លួនស្របតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភា រដ្ឋធម្មនុញ​នៃព្រះរាជាណាចក្រកម្ពុជាដូចជាការតាក់តែង នឹង អនុម័តច្បាប់ ព្រមទាំងតាមដានការងាររបស់​​រាជរដ្ឋាភិបាល​ដើម្បីធានាបំរើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតពិតប្រាកដ៕