ក្លិបវិសាខា រៀបចំកម្មវិធីសប្បុរសធម៌ និងផ្សព្វផ្សាយពីបាល់ទាត់ នៅខេត្តបាត់ដំបង

AKP បាត់ដំបង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — ក្រុមចំណូលថ្មី វិសាខា ដែលកំពុងឈរជើងនៅចំណាត់ ថ្នាក់លេខ៣ នៅក្នុងក្របខ័ណ្ឌ លីគកំពូលកម្ពុជា រដូវកាល២០១៨បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ បាល់ទាត់នៅ កីឡ​ដ្ឋានមួយស្ថិតនៅខេត្តបាត់ដំបង កាលពីថ្ងៃចន្ទទី២៧ ខែសីហា ឆ្នាំ២០១៨ ដើម្បីបំផុស ស្មារតី ដល់ក្មេងៗនានាឱ្យចូលរួមលេងកីឡាកាន់តែច្រើនឡើងបន្ថែមទៀត។

ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុកខេត្ត ព្រៃវែង, បាត់ដំបង និងខេត្ដបន្ទាយមានជ័យ និងជាប្រធានក្លិបវិសាខាបានគូសបញ្ជាក់ថា នេះជាកម្មវិធីសប្បុរសធម៌ជាលើកទី៣ទាក់ទងនឹងបាល់ទាត់នេះ ដែលបានប្រារព្ធធ្វើឡើង នៅខេត្តបាត់ដំបង ជាពិសេសបានផ្តល់ឱកាសឱ្យក្មេងៗកំព្រាជាង១០០ នាក់បានចូលរួមលេង បាល់ទាត់ជាមួយនឹងកីឡាករល្បីមកពីក្លិបវិសាខា ដើម្បីបំផុសស្មារតីឱ្យក្មេងៗ ក៏ដូចជាយុវ ជននានាចូលរួមលេងកីឡាឱ្យបានច្រើនកុះករ។ ឯកឧត្តមបានបន្ដថា តាមរយៈកម្មវិធីនេះ នឹងជួយជំរុញលើកទឹកចិត្ត ក៏ដូចជាមានគោលដៅក្នុងការផលិតធនធានកីឡាករ កីឡាការិនី ប្រកបដោយគុណភាពនាថ្ងៃអនាគត ពីព្រោះថាការកសាង ធនធានមិនមែនត្រឹមតែត្រូវការ ពេលត្រឹម១ឆ្នាំ ឬ២ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវរួមគ្នាកសាង ក្នុងរយៈពេលយូរ អង្វែងតទៅ មុខទៀត។

លោក ហុក សុចិត្រា អ្នកចាត់ការក្លិបវិសាខាបានលើកឡើងដែរថា នេះជាលើកទី១ ដែលក្លិបរបស់លោកបានឈានជើងមកធ្វើកម្មវិធីសប្បុរសធម៌ស្ដីពីកីឡាបាល់ទាត់នៅខេត្ត បាត់ដំបង បន្ទាប់ពី២លើកកន្លងមក បានរៀបចំកម្មវិធីបែបនេះនៅខេត្តព្រៃវែង ដោយមាន បំណងចង់ ពង្រីកប្រជាប្រិយភាព និងចូលរួមលើកស្ទួយវិស័យ កីឡាបាល់ទាត់, ការងារសង្គម ចែករំលែក បទពិសោធន៍ និងផ្ដល់ក្ដីសប្បាយរីករាយដល់កុមារចូលរួមទាំងអស់គ្នា ផងដែរ។

សូមបញ្ជាក់ថា នៅកម្មវិធីសប្បុរសធម៌ស្តីពីកីឡាបាល់ទាត់របស់ក្លិបវិសាខា ក្រៅពីបានចែក រំលែកបទ ពិសោធន៍ដល់ក្មេងៗទាំងនោះ ថ្នាក់ដឹកនាំក្លិបក៏បានចែកជូននូវសម្ភារ កីឡាដល់ កុមារា កុមារីទាំងអស់ផងដែរ៕

ដោយ ហេង ណាលីន