ក្រុមហ៊ុន GIANT ឧបត្ថម្ភកង់ដល់សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា សម្រាប់ ការហ្វឹកហាត់ថ្នាលឈានទៅស៊ីហ្គេម ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — ក្រុមហ៊ុន GIANT បានឧបត្ថម្ភកង់១៤គ្រឿង និងសម្ភារកីឡា ចំនួន១៤ឈុតជូនដល់​សហព័ន្ធ កីឡាទ្រីយ៉ាត្លុងកម្ពុជា កាលពីថ្ងៃចន្ទទី២៧ ខែសីហា ឆ្នាំ២០១៨ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់បម្រើដល់ការហ្វឹកហាត់របស់កីឡាករ កីឡា​ការិនីថ្នាល ក្នុងគោលដៅបង្កើនបច្ចេកទេសឈានទៅរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី​៣២ នាឆ្នាំ២០២៣។

អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ងិន សុខបញ្ញា បានឱ្យដឹងថា សហព័ន្ធទទួលបានការជួយឧបត្ថម្ភទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមក ដែលកង់ និងសម្ភារ សុទ្ធសឹងជាកង់មានគុណភាព ខ្ពស់តាមស្តង់ដារបច្ចេកទេស ដោយកាលណាយើងចង់ឱ្យ កីឡាករ កីឡាការិនីមានកម្រិតបច្ចេកទេសខ្ពស់ៗ គឺយើងត្រូវការហ្វឹកហាត់ជាមួយនឹង ឧបករណ៍មានគុណភាពខ្ពស់តាមស្តង់ដារអន្តរជាតិដែរ។ លោកបានបញ្ជាក់ថា កង់ទាំងនេះ នឹងប្រើប្រាស់សម្រាប់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិថ្នាលទ្រីយ៉ាត្លុង ដើម្បីបង្កើនកម្រិត បច្ចេកទេសឈានទៅ ដណ្តើមបានលទ្ធផលដ៏គាប់ប្រសើរមួយជូនជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ អគ្គលេខាធិការរូបនេះបន្ថែមថា នេះជាប្រភេទ កង់គួក (Road Bike) និងសម្ភារចំនួន១៤ឈុតនោះមាន ខោអាវ ស្រោមជើង វ៉ែនតា និងមួក សម្រាប់ជិះកង់ ដែលប្រភេទកីឡាទ្រីយ៉ាត្លុងមានវិញ្ញាសាចំនួន៣ បញ្ចូលគ្នា គឺហែលទឹក ចម្ងាយ១.៥០គីឡូម៉ែត្រ ជិះកង់ចម្ងាយ៤០គីឡូម៉ែត្រ និងចុងក្រោយរត់ចម្ងាយ១០គីឡូម៉ែត្រ។

លោកឧកញ៉ា គង់ រិទ្ធិជព្វ ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានសម្តែងការដឹង គុណចំពោះក្រុមហ៊ុនកង់ GIANT ដែលបានឧបត្ថម្ភនូវកង់ជាច្រើនគ្រឿង ដែលមានតម្លៃរាប់​ម៉ឺនដុល្លារនាពេលនេះ ហើយកន្លងមក GIANT ក៏ធ្លាប់បានជួយជ្រោមជ្រែងជាបន្តបន្ទាប់ ផងដែរ។ ជាមួយគ្នានេះ ប្រធានសហព័ន្ធបានចាត់ទុកថា សម្ភារកីឡាដ៏សំខាន់ទាំងនេះ​នឹង ជួយលើកកម្ពស់បច្ចេកទេសរបស់ថ្នាលអត្តពលិករបស់ខ្លួនឈានទៅរកកម្រិត មួយដ៏ល្អ ប្រសើរ ក្នុងការត្រៀមខ្លួន ក្នុងស៊ីហ្គេម នាឆ្នាំ២០២៣៕

ដោយ ហេង ណាលីន