ខេត្តសៀមរាបរងផលប៉ះពាល់ស្រូវជាង២ពាន់ហិកតា ដោយសារគ្រោះរាំងស្ងួត

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោកស្រី ធីណា ឌីណេ រូបថត លោក ចន ណារិទ្ធ៖


មន្ទីរកសិកម្មខេត្តបានឲ្យដឹងថា ដំណាំស្រូវរបស់ប្រជាកសិករ ជាង២​ពាន់ហិក​តាបាន​ទទួល​រង​ផល​ប៉ះពាល់ដោយ គ្រោះរាំងស្ងួត ដោយសារតំបន់ទំាងនោះមិនមានប្រភពទឹកគ្រប់គ្រាន់ សំរាប់​ការងារបង្កបង្កើនផល ។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តសៀមរាប បានប្រាប់​វិទ្យុ​ជាតិ​កម្ពុជាថា ដំណាំស្រូវរបស់ប្រជាកសិករ ដែលរងផលប៉ៈពាល់ដោយគ្រោះរាំងស្ងួតជាង ២​ពាន់ហិចតានេះ គឺបានកើតឡើងនៅក្នុងស្រុកចំនួន៣ មានដូចជាស្រុកក្រឡាញ់ ស្រុកស្រីស្នំ នឹង​ស្រុកអង្គរជុំ។ លោកបានអោយដឹងទៀតថា ដោយសារនៅតំបន់នោះ មិនមានប្រព័ន្ធ​ធារា​សាស្រ្ត ស្រោចស្របដំណាំកសិកម្ម ហើយប្រជាកសិករធ្វើដំណាំស្រូវ ដោយ​ពឹងផ្អែក​លើរបប​ទឹក​ភ្ញៀងតែមួយមុខនោះ ទើបធ្វើអោយដំណាំស្រូវរបស់ពួកគាត់រងផលប៉ះពាល់។ លោកថា មន្ទីរ​បានសហការជាមួយមន្រ្តីជំនាញ ចុះត្រួតពិន្យតស្ថានភាពជាក់ស្តែង​នៅតាមតំបន់​ដែល​រងការ​ខូច​ខាត ដើម្បីជួយប្រជាកសិករទៅតាមស្ថានភាពជាក់ស្តែង។


លោកប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ទៀតថា ដំណាំស្រូវដែលរងផលប៉ៈពាល់នេះ មិន​បាន​ខូចទំាងស្រុងនោះទេ ក៏អាចទទួលបានផលមួយចំនួនផងដែរ។ ទោះជា​​យ៉ាងណាក៏ដោយ សម្រាប់ប្រជាពលរដ្ឋដែលរងការខូចខាតស្រូវទំាងស្រុង មន្ទីរបានត្រៀម ពូជបន្លែសម្រាប់​ចែក​ជូន​​​ប្រជាពលរដ្ឋ អោយអនុវត្តការងារបង្កបង្កើនផលឡើងវិញ ដើម្បីរួមចំណែក​ដោះស្រាយ​ជីវ​ភាព​​របស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨នេះ នៅទូរទាំងខេត្តសៀមរាប ប្រជាកសិករ​កំពុងមមារញឹក​ក្នុង​ការប្រមូលផលស្រូវស្រាល លើផ្ទៃដីជាង១៨ម៉ឺនហិកតា ខណៈស្រូវស្រាលឆ្នាំ​មានចំនួន​សរុប​ជាង២៤ម៉ឺនហិកតា ស្មើនឹង៩៦ភាគរយនៃផែនការដាំដុះ៕