អ្នកនាំពាក្យCPPស្នើឲ្យអ្នកនយោបាយ និងអ្នកវិភាគមួយចំនួនកុំបកស្រាយខុសលើព្រះរាជក្រឹត្យចាត់តាំងសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី

វិទ្យុជាតិកម្ពជា៖ អត្ថបទលោក ចេម ហួត

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាស្នើឲ្យអ្នកនយោបាយ និងអ្នកវិភាគមួយចំនួនកុំបកស្រាយខុសលើព្រះរាជក្រឹត្យចាត់តាំងសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីរៀបចំសមាសភាពរាជរដ្ឋាភិបាលនីតិកាលទី៦ ដែលនាំឲ្យសាធារណជនមានការយល់ខុសមកលើរាជរដ្ឋាភិបាល ។

ប្រាប់វិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែសីហានេះឯកឧត្តម សុខឥសាន្ត សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា រាល់ការមានមតិទាំងឡាយដែលផ្ទុយពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញ មិនអាចយកជាការបានជាដាច់ខាត ។ ហេតុដូច្នេះ សូមអំពាវនាវអស់លោកអ្នកនយោបាយ លោកអ្នកវិភាគនយោបាយ សង្គម មុននឹងមានមតិសូមពិនិត្យលើខ្លឹមសាររដ្ឋធម្មនុញ្ញឲ្យច្បាស់ជាមុនសិនកុំចេះតែនិយាយតាមគំនិតអត្តនោម័ត្តរបស់ខ្លួន ឬតាមនិន្នាកាលំអៀងខាងនយោបាយឲ្យសោះជាការមិនត្រឹមត្រូវ ដែលនាំឲ្យសាធារណៈមតិយល់ច្រឡំ។

ឯកឧត្តមបានពន្យល់ថាយោងតាមខ្លឹមសារនៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិត្រង់វាក្យខ័ណ្ឌទី ២ មាត្រា ៤ ទំព័រទី ១៣៨នៃសៀវភៅរដ្ឋធម្មនុញ្ញ ចែងថាៈ តាមសេចក្តីស្នើពីគណបក្សនយោបាយដែលមានចំនួនអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា តាមរយៈព្រឹទ្ធសមាជិករដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រ នៃគណបក្សនយោបាយដែលឈ្នះឆ្នោត ឲ្យបង្កេីតរាជរដ្ឋាភិបាល ។

ឯកឧត្តមបន្តថា វរៈជនដែលត្រូវបានចាត់តាំងនេះ ត្រូវរៀបចំផ្គូរផ្គងតំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល រួចផ្ញើបញ្ជីរាយនាមសមាជិកទាំងអស់នៃរាជរដ្ឋាភិបាលជូនព្រឹទ្ធសមាជិករដ្ឋសភា ។

ព្រឹទ្ធសមាជិករដ្ឋសភា ត្រូវរៀបចំបញ្ជីរាយនាមជាកញ្ចប់មួយនូវបេក្ខជន ប្រធាន អនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណកម្មការជំនាញទាំងអស់នៃរដ្ឋសភា ព្រមទាំងបេក្ខជន នាយករដ្ឋមន្ត្រី និងសមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដេីម្បីដាក់ជូនរដ្ឋសភា បោះឆ្នោត ៕