ក្រសួងកសិកម្មនឹងចុះអន្តរាគមន៍ផ្តល់ពូជស្រូវនិងពូជបន្លែដល់ប្រជាកសិកររងគ្រោះក្រោយរដូវទឹកជំនន់

ទ្យុជាតិកម្ពុជា៖ លោក ហុក សុខរិន

ភ្នំពេញ៖  ក្រសួងកសិកម្មនឹងចុះអន្តរាគមន៍ផ្តល់ពូជស្រូវនិងពូជបន្លែដល់ប្រជាកសិកររងគ្រោះ​ក្រោយ​រដូវទឹកជំនន់ដើម្បីជួយសម្រាលការលំបាករបស់ប្រជាកសិករដែលខ្វះពូជបង្ករបង្កើនផលឡើងវិញ។

ឯកឧត្តមបណ្ឌិតហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអោយដឹងថា ក្រុមមន្ទីរជំនាញកសិកម្មនៅតាមបណ្តាខេត្តនានា ចាប់ផ្តើមចុះប្រមូលទិន្នន័យពីផលប៉ៈពាល់ដំណាំរបស់ប្រជាកសិករ ដើម្បីធ្វើផែនការពីតម្រូវការពូជស្រូវនិងពូជបន្លែចម្រុះនានាដើម្បីដំាដុះឡើងវិញក្រោយរដូវទឹកជំនន់។

 

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងកសិកម្មបានត្រៀមពូជស្រូវនិងបន្លែ ជិត១ម៉ឺនតោនដើម្បីជួយអន្តរាគមន៍ដល់​ប្រជាក​សិករពេលមានគ្រោះធម្មជាតិនេះ ដូចជាបញ្ហាជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ និងគ្រោះ​រំាងស្ងួតបានធ្វើអោយខូចខាតផលដំណាំរបស់ប្រជាកសិករជាច្រើនហិចតា។

 

ឯកឧត្តមបានបញ្ជាក់ថា តាមផែនការរបស់ក្រសួង គឺការផ្តល់ជូនពូជស្រូវនិងពូជបន្លែនេះ នឹងពិនិត្យមើលទៅលើស្ថានភាពជាក់ស្តែងនៃតំបន់នីមួយៗដែលកសិករជួបផលប៉ះ​ពាល់ ដើម្បីអន្តរាគមន៍ផ្តល់ពូជស្រូវ និងពូជបន្លែនេះអោយចំគោលដៅ ដូចជាតំបន់ណាដែលទឹកស្រកហើយអាចធ្វើស្រូវឡើងវិញគឺផ្តល់ពូជស្រូវ។  ប៉ុន្តែបើមិនអាចធ្វើស្រែបានទេគឺផ្តល់ពូជដំណាំ ចម្រុះដើម្បីកុំអោយរងផលប៉ះពាល់ម្តងទៀត។

 យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអោយដឹងថា ចាប់តំាងពីខែឧសភាដល់ខែសីហានេះកម្ពុជាបានជួបគ្រោះមហន្តរាយដោយសារគ្រោះរំាងស្ងួត ជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គនៅតាមបណ្តាខេត្តជាច្រើន ហើយបានធ្វើអោយប៉ះពាល់ដល់ដំណាំស្រូវ និងដំណាំរួមផ្សំជាង៤ម៉ឺនហិចតា៕