សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតឡាវ ចូលជួបសម្តែងការគួរសម និងជម្រាបលា

វិទ្យុជាតិកម្ពុជា៖ ដោយ លោកចេម ហួត
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ប្រាសិទ្ធ សាយ៉ាសិទ្ធ (Prasith SAYASITH) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាច ក្រ  កម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។


នៅក្នុងឱកាសនោះ ឯកឧត្តម ប្រាសិទ្ធ សាយ៉ាសិទ្ធ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យឯកឧត្តមចូលជូបធ្វើសវនាការ និងជម្រាបលា នាពេលនេះ។

ក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ប្រាសិទ្ធ សាយ៉ាសិទ្ធ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ថវិកាចំនួន ១០ម៉ឺនដុល្លារ និងកបាទក្រហមនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ថវិកាចំនួន ៥ម៉ឺនដុល្លារ សម្រាប់ប្រតិបត្តិការជួយប្រជាពលរដ្ឋដែលរងគ្រោះក្នុងការបាក់ទំនប់វារីអគ្គិសនីសេប៉ាន សេណាំណយ នៅខេត្តអាតាពើ នៃប្រទេសឡាវ។ ឯកឧត្តម ក៏បានសម្តែងនូវការចូលរួមអបអរចំពោះដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ និងដោយរលូន។

ឯកឧត្តម ប្រាសិទ្ធ សាយ៉ាសិទ្ធ បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា ស្ថានទូតបានចាត់តំណាងឱ្យចូលរួមតាមដានសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦នេះ តាំងពីពេលព្រឹករហូតដល់ពេលរសៀល ដោយសង្កេតឃើញថា ការបោះឆ្នោតទាំងមូលបានដំណើរការយ៉ាងល្អប្រសើរ។
ឯកឧត្តម ប្រាសិទ្ធ សាយ៉ាសិទ្ធ បានគត់សម្គាល់ថា ក្នុងអំឡុងបេសកកម្មរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ឆ្នាំនេះ ឯកឧត្តមមានសេចក្តីពេញចិត្តយ៉ាងក្រៃលែងចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏កក់ក្តៅពីព្រឹទ្ធសភា និងគ្រប់ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តភារកិច្ចជាឯកអគ្គរដ្ឋទូត។ ក្នុងរយៈ៤ឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស ហើយជីវភាពរបស់ប្រជាជនកាន់ តែល្អប្រសើរឡើង ជាពិសេសការរីកចម្រើននៃអគារធំៗ នៅរាជធានីភ្នំពេញ ដូចជានៅតំបន់កោះពេជ្រ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍បន្ថែមថា កាលពីមុន ឯកឧត្តមធ្លាប់ធ្វើដំណើរទៅកាន់ខេត្តសៀមរាប តាមរថយន្តត្រូវចំណាយពេលចំនួន ៨ម៉ោង ប៉ុន្តែបច្ចុប្បន្នចំណាយពេលតែ ៣ម៉ោងប៉ណ្ណោះ។
ឯកឧត្តម ប្រាសិទ្ធ សាយ៉ាសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ មានការរីកចម្រើន និងចាត់ទុកជាបងប្អូន និងជាអ្នកជិតខាងល្អ។ ជាក់ស្តែង កាលពីពេលកន្លងទៅនេះ មានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគណៈប្រតិភូច្រើនកម្រិត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចប្រធានព្រឹទ្ធសភា អំពីបញ្ហាព្រំដែនដែលនៅសេសសល់ គឺប្រទេសទាំងពីរ បានដោះស្រាយចំនួន ៨៧% នៅសល់តែ ១៣%ប៉ុណ្ណោះ ដែលកំពុងពិភាក្សាដោះស្រាយដោយឈរលើស្មារតីយោគយល់គ្នា និងដោយសន្តិវិធី។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានជូនពរសម្តេចប្រធានព្រឹទ្ធសភា សូមឱ្យមានសុខភាពល្អ អាយុយើនយូរ និងជោគជ័យ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរយៈពេល៤ឆ្នាំ របស់ឯកឧត្តម ប្រាសិទ្ធ សាយ៉ាសិទ្ធ ដែលបានបំពេញតួនាទី ប្រកបដោយវិជ្ជាជីវៈ និងមានទំនាក់ទំនងល្អជាមួយនឹងព្រឹទ្ធសភា ក្រសួង ស្ថាប័នរដ្ឋ និងប្រជាជនកម្ពុជា។

បេសកកម្មការទូតរបស់ឯកឧត្តម ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រ​​តិបត្តិ​​ការ​​រវាងប្រជាជន និងប្រទេសទាំងពីរឲ្យកាន់ តែរឹងមាំ និងខ្លាំងក្លាថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភា បានរំលឹកអំពី ទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ដែលបានកើតឡើងតាំងពីឆ្នាំ១៩៥៦ ក្រោមស្នាព្រះហស្តរបស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំឡាវជំនាន់មុន ហើយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបតិ្តការនេះ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់គួរជាទីមោទន រហូតដល់ពេលបច្ចុប្បន្ននេះ តាមរយៈ​ការផ្លាស់ប្តូរគណៈប្រតិភូកម្រិតកំពូល ជាន់ខ្ពស់ ក្រសួង ស្ថាប័ន អង្គការមហាជន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ត្រីមូលដ្ឋាន រហូត​​ដល់​ការផ្លាស់ប្តូរប្រជាជនគ្នាទៅវិញទៅមក។ ក្នុងនោះប្រទេសទាំងពីរ បានគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រប​ខ័ណ្ឋ​តំបន់ និងអន្តរជាតិ។ តាមរយៈទំនាក់ទំនងដ៏សកម្មនេះ ក៏មានការខិតខំជំរុញនូវការវិនិយោទុន ការបង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម ទេសចណ៍ទៅវិញទៅមកផងដែរ។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះស្ថានទូតឡាវ ដែលបានចូលរួម​​តាមដានសង្កេតការណ៍​​ការបោះឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រ នីតិកាលតី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។

សម្តេចបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ ដែលបានផ្ញើរ​លិខិតចូលរួមអបអរសាទរ​​ចំពោះការ​​ជោគ​​ជ័យ​​នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦។
សម្តេចប្រធានព្រឹទ្ធសភា បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតថា តាមការកំណត់គណៈ​​កម្មាធិការជាតិរៀបចំ​ការបោះ​​ឆ្នោត នឹងប្រកាសលទ្ធផលផ្លូវការនារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។ តាមលទ្ធផលឃើញថា គណបក្សប្រជាជនកម្ពុជានឹងអាចទទួលបានអាសនៈ១០០%។

បើតាមការគ្រោងទុក ព្រះមហាក្សត្រនឹងកោះប្រជុំរដ្ឋសភា នីតិកាលទី៦ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ហើយរដ្ឋាភិបាលថ្មី​​នឹង​​បង្កើត​​ឡើង នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ហើយដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយក​​រដ្ឋ​​មន្រ្តី។

ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា ជឿជាក់ថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ នឹងរាំងមាំ និងកាន់តែខ្លាំងក្លាថែមទៀត។ ជាមួយគ្នានេះដែរ សម្តេចប្រធានព្រឹទ្ធសភា បានឯកភាពជាមួយនឹងប្រសាសន៍របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានលើកឡើងអំពី បញ្ហាព្រំដែន​ដែលនៅសេសសល់។

ក្នុងនាមព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្តដោះស្រាយ​​បញ្ហាដែលនៅសេសសល់ ដោយសន្តិវិធី ផ្អែកលើរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងឯកសារពាក់ព័ន្ធ សំដៅ​​ឈាន​​​ទៅបោះបង្គោលព្រំដែននៃប្រទេសទាំងពីរឲ្យបានរួចរាល់ ដើម្បីកសាងខ្សែបន្ទាត់ ព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងជាមរតកដ៏ថ្លៃថ្លាសម្រាប់ប្រជាជនទាំងពីរ ទាំងនៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការជួយសម្របសម្រួល ទំនាក់​​ទំនងរ​វាងអង្គ​​ការ​​​​​នីតិប្បត្តិនៃប្រទេសទាំងពីរ ឲ្យប្រព្រឹត្តទៅដោយល្អ និងរលូន។ សម្តេច បានបញ្ជាក់ថា ព្រឹទ្ធសភា នឹងត្រៀម​​ខ្លួន​​ជានិច្ចបន្តធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទជាមួយនឹងឯកអគ្គរដ្ឋ ទូតឡាវថ្មី និងស្ថានទូតឡា​វប្រចាំ​​ព្រះរាជាណាច​​ក្រ​​កម្ពុជា ដើម្បីរួមចំណែកបន្តពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិ​​ការរវាងប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធិពរជូនឯកឧត្តមឯកអគ្គរដ្ឋទូត សូមឱ្យមានសុខភាពល្អបរិបូរណ៌ និងទទួលបានជោគជ័យក្នុងភារកិច្ចថ្មី នាពេលខាងមុខ៕