ផ្លូវជាតិលេខ៣ ដែលរងការខូចខាតដោយគ្រោះទឹកជំនន់ ត្រូវបានជួសជុលឱ្យស្អាតឡើងវិញនៅមុនថ្ងៃបោះឆ្នោតខាងមុខនេះ

AKP កំពត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨-​ផ្លូវជាតិលេខ៣ ឆ្លងកាត់ខេត្តកំពត ដែលរងការខូចខាតដោយសារតែគ្រោះទឹកជំនន់ មួយសប្តាហ៍កន្លងមកដែលផ្លូវជាតិលេខ៤ បានត្រូវផ្អាកការធ្វើចរាចរដឹកជញ្ជូនមួយរយៈ ហើយរថយន្តតូចធំដែលដឹកទំនិញចេញពីខេត្តព្រះសីហនុទៅភ្នំពេញ ពីភ្នំពេញទៅកាន់ ខេត្តព្រះស៊ីហនុ គឺត្រូវធ្វើចរាចរតាមផ្លូវជាតិលេខ៣ដោយឆ្លងកាត់តាមខេត្តកំពតអស់មួយ រយៈមកនោះ។

ដោយសារតែការធ្វើចរាចរទាំងយប់ទាំងថ្ងៃរបស់រថយន្តដឹកទំនិញតូចធំខាង លើផ្លូវជាតិលេខ៣ ដែលឆ្លងកាត់ខេត្តកំពតបានរងការខូចខាតអស់ ជាច្រើនកន្លែង បើតាមតួរ លេខប្រវែងនៃការខូចខាតសរុបចំនួន១៥គីឡូម៉ែត្រ។ ​បន្ទាប់ពីមានករណីខូចខាតផ្លូវជាច្រើនកន្លែងខាងលើ ឯកឧត្តមអភិបាលខេត្តក៏បាន សំណូមពរទៅក្រសួងសារធារណការ និងដឹកជញ្ជូន ដើម្បីសុំឱ្យជួយជួសជុលផ្លូវ ដែលរងការខូចខាតនេះឡើងវិញ។

​ដោយមានការស្នើសុំពីឯកឧត្តមអភិបាលខេត្តកំពត ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យមន្រ្តីជំនាញចុះពិនិត្យនិង សិក្សាការខូចខាតផ្លូវខាងលើ ហើយក៏បានប្រគល់ការងារជួសជុលផ្លូវដែលខូចខាត ខាងលើជូនទៅក្រុមហ៊ុនចិនមួយ ដើម្បីធានានៃការជួសជុលផ្លូវខូចខាតដែលមានប្រវែង ១៥ គីឡូម៉ែត្រ គឺចាប់ពីព្រំប្រទល់ខេត្តព្រះសីហនុ មកដល់ចំណុចផ្លូវបំបែកដូនស៊យ ស្ថិតក្នុង ភូមិទ្វាថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត គឺ PK130+50ទៅដល់PK 145+ 770 និងផ្លូវលេខ41ផងដែរ។

ប៉ុន្តែការជួសជុលផ្លូវខាងលើ បើតាមមន្រ្តីមន្ទីរសាធារណការខេត្តម្នាក់បានឱ្យដឹងថា ផ្លូវដែលត្រូវជួសជុលខាងលើត្រូវបានក្រុមហ៊ុន២ដេញថ្លៃជួសជុល គឺក្រុមហ៊ុនទី១ (ក្រុមហ៊ុនចិន) ជួសជុលពីផ្លូវបំបែកដូនស៊យ និងកំណាត់ផ្លូវលេខ៤១ ផង រហូតមក ដល់ស្ពានព្រះពន្លា។ ចាប់ពីស្ពានព្រះពន្លារហូតដល់ព្រំប្រទល់ខេត្តព្រះស៊ីហនុ មានក្រុមហ៊ុនមួយផ្សេងទៀតបានដេញថ្លៃជួសជុលផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យផ្ទាល់ និងមើលការជួសជុលផ្លូវរបស់ក្រុម ហ៊ុនចិនដែលកំពុងធ្វើសកម្មភាពកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៨នេះផងដែរ។

បើតាមប្រភពព័ត៌មានពីក្រុមការងារក្រសួងបានឯកភាពជាមួយក្រុមហ៊ុនទាំងពីរ ដែលបានធានាការជួសជុលផ្លូវខាងលើ គឺក្នុងរយៈពេលមួយសប្តាហ៍ឱ្យហើយរួចរាល់ជា ស្ថាពរឱ្យបានមុនថ្ងៃបោះឆ្នោត គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ។

ជាមួយនឹងការជួសជុលផ្លូវដែលខូចខាតឱ្យល្អឡើងវិញនេះដែរ ឯកឧត្តមទេស
រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសំណូមដល់ម្ចាស់ក្រុមហ៊ុនដែលមានរថយន្តធំៗ ដឹកទំនិញ ទាំងអស់ សូមបងប្អូនមេត្តាយោគយល់កុំផ្ទុកទំនិញហួសចំណុះដូចពេលកន្លងមកបន្តទៅ ទៀត វានាំបណ្តាលឱ្យខូចខាតផ្លូវជាតិរបស់យើង ហើយការជួសជុលក៏ត្រូវខាត បង់ថវិកា ជាតិអស់យ៉ាងច្រើនផងដែរ៕

ដោយ ប្រាក់ លាង