ឯកឧត្តម​ គួច​ ចំរើន​ ​អញ្ជើញជាអធិបតីក្នុងការចែកប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន១១២០ក្បាលដី​ជូនដល់ប្រជាពលរដ្ឋចំនួន ៣ភូមិ ក្នុងស្រុកកោះសូទិន​ ខេត្តកំពង់ចាម​

AKP កំពង់ចាម ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨–នៅព្រឹកចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០១៨​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​អញ្ជើញជាអធិបតី ក្នុងពិធីចែកនិងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន១១២០ក្បាលដី​ ជូនដល់ប្រជាពលរដ្ឋដែលរស់ នៅក្នុងភូមិចំនួន៣​គឺ ភូមិមហាលាភជើង​ ភូមិមហាលាភត្បូង​ និងភូមិចុងព្រែក​ ក្នុងឃុំមហា លាភ​ ស្រុកកោះសូទិន​
ខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានលើកឡើងថា​ ប័ណ្ណកម្មសិទ្ធិកាន់ដីធ្លីដែលប្រគល់ជូននៅពេលនេះ គឺបន្ទាប់ពីផ្នែកជំនាញរបស់មន្ទីររៀប ចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្ត និងអាជ្ញាធរខេត្តបា​នធ្វើការវាស់វែង បានត្រឹមត្រូវតាមប្រព័ន្ធបច្ចេកទេស​របស់មន្ត្រីជំនាញដោយមានការចូលរួមគ្រប់ភាគី ពាក់ពាន់ រួចហើយ​ទើបយើងធ្វើការចេញប័ណ្ណកម្មសិទ្ធិនិងផ្តល់ជូនដល់ បងប្អូនទុកជាភ័ស្តតាង ជាឯកសារប្រើប្រាស់ផ្ទាល់ខ្លួន ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋយើង ត្រូវថែរក្សាឱ្យបានល្អ កុំឱ្យមានការបោះបង់​ ឬខូចខាតព្រោះវាមានសារៈសំខាន់ ណាស់ក្នុងការគ្រប់ គ្រងកាន់កាប់ដីធ្លី​។

​ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា រាជរដ្ឋាភិបាលក្រោមដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងបន្តអនុវត្តន៍គោលនយោបាយ ការវាស់វែង ការចុះបញ្ជី និងការផ្តល់កម្មសិទ្ធិដីធ្លីលក្ខណៈជាប្រព័ន្ធ
ជូនប្រជាពលរដ្ឋយើងដើម្បីគ្រប់គ្រង និងប្រើប្រាស់លើដីធ្លីទាំងនោះស្របច្បាប់។

ចំពោះវិញ្ញាបនបត្រសម្គាល់អចលនវត្ថុដីធ្លីនេះវា មានសារៈសំខាន់ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់បងប្អូនយើងគ្រប់ៗគ្នាដូច្នេះសូមបងប្អូន ត្រូវយកចិត្តទុកដាក់ និងថែរក្សាដោយប្រុងប្រយ័ត្ន ព្រោះវិញ្ញាបនបត្រនេះ ជាសិទ្ធិផ្តាច់មុខរបស់កម្មសិទ្ធិករ លើការប្រើប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរមរតកទៅឱ្យកូនចៅ។

​ឯកឧត្តម គួច ចំរើន ក៏បានលើកឡើងថា រាជរដ្ឋាភិបាល បានដាក់ចេញនូគោល នយោបាយជាច្រើនជាប្រយោជន៍ដល់ប្រជាពលរដ្ឋយើងនាពេលអនាគតតទៅ មុខដូចជា នៅពាក់កណ្តាលឆ្នាំ២០១៩ ខាងមុខនេះ សម្រាប់ក្រុមគ្រួសារក្រីក្រ នៅពេលសម្រាលកូន រាជរដ្ឋាភិបាល និងផ្តល់ប្រាក់ឧបត្ថម្ភប្រមាណ ៧៦ម៉ឺនរៀល ដល់ស្រ្តីក្រីក្រនៅទូទាំង ប្រទេសកម្ពុជា ចាប់ពីដំណាក់កាលមានផ្ទៃពោះ ដល់ពេលសម្រាលកូន និងក្រោយពេល សម្រាលរហូកកុមារមានអាយុ២ឆ្នាំ។

ចំពោះថ្លៃសេវាអគ្គិសនីនៅឆ្នាំ ២០១៩ រាជរដ្ឋាភិបាល នឹងខិតខំបញ្ចុះតម្លៃអគិ្គសនីបន្ថែមទៀត ដោយបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ បណ្តាញអគ្គិសនីរបស់រដ្ឋក្រោម ១០គីឡូវ៉ាត់ម៉ោងតម្លៃត្រឹមតែ ៣៨០រៀលប៉ុណ្ណោះ ប្រសិនបើបងប្អូនប្រើក្រោម ៥០គីឡូវ៉ាត់ម៉ោង តម្លៃត្រឹមតែ ៤៨០រៀល ចំពោះអ្នកប្រើ ២០០ គីឡូវ៉ាត់ម៉ោងតម្លៃ៦១០រៀល ដោយឡែកប្រជាពលរដ្ឋដែរប្រសិនបើលើសពី ២០០ គីឡូវ៉ាត់ម៉ោង តម្លៃ ៧៤០រៀល។

ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានធ្វើការផ្តាំផ្ញើ និងអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សានូវសមិទ្ធផលដែលមានស្រាប់នាពេល បច្ចុប្បន្ន នេះ ដែលបានមកដោយលំបាក ឱ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ ជាពិសេសគឺយើងរួមគ្នាថែរក្សាឱ្យបាននូវសន្តិភាពសម្រាប់ប្រទេស ជាតិរបស់យើង និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩កក្កដាខាងមុខនេះ​ ឱ្យបានគ្រប់គ្នាដើម្បី នាំមកសុខសន្តិភាព
ការរីកចម្រើន និងការអភិវឌ្ឍ និងធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារទៀតផង៕

ដោយ ឆាយ ម៉ុត