មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បណ្ដុះបណ្ដាលអត្ដពលិក និងគ្រូកីឡាលើជំនាញការព្យាបាល របួសដោយការលេងកីឡា

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨–​មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បណ្ដុះបណ្ដាល អត្ដពលិក និងគ្រូកីឡាលើជំនាញការព្យាបាលរបួស និងគ្រោះថ្នាក់ ដោយការលេងកីឡា ដើម្បីលើកកម្ពស់ចំណេះដឹង ជំនាញ និងវិធីសាស្រ្ដផ្នែកវេជ្ជសាស្រ្ដប្រកបដោយសុវត្ថិភាព និងស្របតាមស្ដង់ដារ។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ សម្រាប់ការព្យាបាល និងគ្រោះថ្នាក់ដោយការលេង កីឡា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ លោកវេជ្ជបណ្ឌិត ណារីនថារ៉ា ប៊ុនជុង ចារើន នាយកមន្ទីរពេទ្យរ៉ូយ៉ាល់បានបញ្ជាក់ថា ការបណ្ដុះបណ្ដាលជំនាញ និងផ្ដល់ចំណេះដឹងលើការព្យាបាលរបួស ឬគ្រោះថ្នាក់ដោយការលេងកីឡានេះ ដើម្បី ចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់កីឡាករ កីឡាការិនី និងគ្រូកីឡា ខណៈពេលមានគ្រោះថ្នាក់កើតឡើងអាចជួយបាន ទាន់ពេលវេលា និងស្របតាមវេជ្ជសាស្រ្ដ ត្រឹមត្រូវថែមទៀត។

​លោកវេជ្ជបណ្ឌិតបានបន្ដទៀតថា ដោយមើលឃើញថា នៅឆ្នាំ២០២៣ ខាងមុខ កម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ដូច្នេះមន្ទីរពេទ្យរៀបចំបណ្ដុះបណ្ដាល ជំនាញនេះឡើង ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកវេជ្ជសាស្រ្ដលើការព្យាបាលរបួស ឬគ្រោះ ថ្នាក់ដោយការ លេងកីឡាឱ្យមានភាពស្មើគ្នាជាមួយបណ្ដាប្រទេសផ្សេងៗទៀត ជាពិសេស ដើម្បីឱ្យFIFA ចាត់ទុកកម្ពុជាថា មានមន្ទីរពេទ្យដែលផ្ដល់នូវទំនុកចិត្ដខ្ពស់ក្នុងការព្យាបាល អត្ដពលិក។

​លោកវេជ្ជបណ្ឌិត NONTHADEJ PONGPUNLEART អ្នកជំនាញផ្នែកទន្ដពេទ្យ និង សន្លាក់នៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានឱ្យដឹងថា ការរងរបួសដោយការលេងកីឡានេះ ប្រសិនបើការព្យាបាលមិនបានត្រឹមត្រូវ នឹងមានផលប៉ះពាល់ដល់អ្នកជំងឺដោយនៅរ៉ាំរ៉ៃ មិនអាចព្យាបាលជាសះស្បើយ ជាពិសេសរបួសសាច់ដុំកាន់តែធ្ងន់ធ្ងរ ពេលលេងកីឡាលើក ក្រោយទៀត ឬក៏អាចក្លាយទៅជាពិការ។ លោកវេជ្ជបណ្ឌិតបានណែនាំថា នៅពេលដែល របួសដោយការលេងកីឡាផ្សេងៗ ឬក៏មានសភាពធ្ងន់ធ្ងរនោះ គួរតែរកគ្រូពេទ្យជំនាញ ផ្នែក សន្លាក់ ឬជំនាញព្យាបាលរបួសខាងផ្នែកកីឡា
ដែលមាន វិជ្ជាជីវៈត្រឹមត្រូវ។

​លោកសាស្រា្ដចារ្យវេជ្ជបណ្ឌិត ស្ដើង ជាប្រធានគណៈកម្មការវេជ្ជសាស្រ្ដកីឡាកម្ពុជា នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលជំនាញ និងការផ្ដល់ចំណេះដឹងនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ឱ្យអត្ដពលិក និងគ្រូកីឡា មានការយល់ដឹងពីរបៀបព្យាបាល និងការពាររបួសពេលលេងកីឡា ដើម្បីកាត់បន្ថយការរបួសដោយការលេងកីឡានេះមកក្នុងកម្រិតទាបបំផុត។

លោកសាស្រា្ដចារ្យ បានបន្ដថា នេះគឺ ជាជំនាញមួយបន្ថែមទៀត សម្រាប់ផ្ដល់ជូនដល់កីឡាករ កីឡាការិនី និងគ្រូកីឡាទាំងអស់ ដើម្បីទទួលបាននូវចំណេះដឹង និងជំនាញផ្នែកការព្យាបាល របួសដោយការលេងកីឡានេះ ឱ្យមានលក្ខណៈស្ដង់ដារ ខណៈដែលកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។

​លោកសាស្រា្ដចារ្យបានចាត់ទុកថា បង្ហាញពីវិធីការពារ និងព្យាបាលរបួស ហើយប្រសិនបើអត្ដពលិក និងគ្រូកីឡាចេះវិធីការពារ និងព្យាបាលរបួស ពេលលេងកីឡានេះ អត្រារបួស និងការឈឺចាប់ នឹងចុះក្នុងកម្រិតទាប។ លោកសាស្រ្ដាចារ្យ បានស្នើដល់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យឯកជនផ្សេងទៀត បន្ដសហការជួយ បណ្ដុះបណ្ដាល ជំនាញព្យាបាល និងរបួសពេលលេងកីឡាដល់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក៏ដូចជាអត្ដពលិក និងគ្រូកីឡាទាំងអស់ ដើម្បីទទួលបាននូវចំណេះដឹង និងជំនាញក្នុងការយកទៅអនុវត្ដន៍ ប្រកបដោយប្រសិទ្ធភាព និងស្ដង់ដារស្របតាមការកំណត់ របស់FIFAផងដែរ៕

ដោយ អ៊ុន រិទ្ធី