ក្រសួងសាធារណការ ចាប់ផ្ដើមជួសជុលបន្ទាន់កំណាត់ផ្លូវជាតិ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨–​ក្រសួងសាធារណការ និងដឹកជញ្ជូនបានចាប់ផ្ដើមជួសជុលបន្ទាន់កំណាត់ផ្លូវជាតិ លេខ៣ និងផ្លូវជាតិសំខាន់ៗផ្សេងទៀត ដែលទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើរដឹកជញ្ជូន កសិផល របស់បងប្អូនប្រជាពលរដ្ឋ។

​ឯកឧត្តម វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ ឱ្យដឹងកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះថា ក្រៅពីការជួសជុលបន្ទាន់កំណាត់ ផ្លូវជាតិលេខ៣ ក្រសួងក៏នឹងជួសជុលផ្លូវជាតិ និងផ្លូវខេត្ដជាច្រើនទៀត ដែលទទួលរងការខូច ខាតដោយសារជំនន់ទឹកភ្លៀង ប៉ុន្ដែរហូតមកដល់ពេលនេះ ក្រសួងនៅមិនទាន់អាចបូកសរុប បាននៅឡើយចំពោះការខូចខាត។

ឯកឧត្តមបានបន្ដថា ការជួសជុលផ្លូវ ស្ពានបន្ទាន់នេះ ដោយសារតែក្រសួងសាធារណការមានកញ្ចប់ថវិកាត្រៀមបម្រុងសម្រាប់គ្រោះបន្ទាន់
នៅ គ្រប់រាជធានី ខេត្ដទាំងអស់ សម្រាប់យកថវិកាត្រៀមនេះទៅប្រើប្រាស់ ប៉ុន្ដែដើម្បីប្រើប្រាស់ ថវិកាត្រៀមនេះបានត្រូវឱ្យគណៈកម្មការអន្ដរក្រសួងត្រួតពិនិត្យទៅ តាមនីតិវិធីឱ្យបានច្បាស់លាស់ជាមុនសិន។

ឯកឧត្ដមបានអះអាងថា ក្នុងកាលៈទេសៈនេះ ក្រសួងអាចធ្វើការជួស ជុលបន្ទាន់បានចំពោះកំណាត់ផ្លូវជាតិ ឬផ្លូវខេត្ដដែលទទួលរងការខូចខាត ប៉ុន្ដែមិន អាចធ្វើ ការស្ដារឡើងវិញបាន ឬការវាយតម្លៃការខូចខាតជាបឋមបាននៅឡើយទេ ដោយរង់ចាំរបាយ ការណ៍ នៃការខូចខាតពីរាជធានី ខេត្ដ និងទឹកស្រកទៅវិញអស់ ទើបអាចបូកសរុបបានដឹងពី ទំហំក្នុងការខូចខាត និងគម្រោងចំណាយថវិកាផងដែរ។

​ឯកឧត្តមបានបន្ថែមទៀតថា បន្ទាប់ពីការជួសជុលបន្ទាន់កំណាត់ផ្លូវជាតិលេខ៣ ដែលមានប្រវែង១៥គីឡូម៉ែត្រនោះ ក៏តម្រូវឱ្យមានការជួសជុលបន្ទាន់ផងដែរនៅលើកំណាត់ ផ្លូវជាតិលេខ៤ ដែលខូចខាតមានប្រវែងសរុបប្រមាណ២២គីឡូម៉ែត្រ ចាប់ពីចំណុច គីឡូម៉ែត្រលេខ៧៣ ដល់ចំណុច គីឡូម៉ែត្រលេខ៩៥។

​ថ្លែងក្នុងការចុះពិនិត្យ និងបើកការដ្ឋានជួសជុលកំណាត់ផ្លូវលេខ៤១ និងផ្លូវជាតិលេខ ៣ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងខេត្ដកំពត ឯកឧត្ដមទេសរដ្ឋ មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា តាមចក្ខុវិស័យ ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនា សម្ព័ន្ធស្ពាន ថ្នល់ រាជរដ្ឋាភិបាលបានប្រើគ្រប់មធ្យោបាយ ក្នុងការកៀរគររកហិរញ្ញប្បទាន ដើម្បីថែរក្សា ជួសជុល លើកកម្រិតគុណភាព ពង្រីក និង សាងសង់ថ្មីជាបន្តបន្ទាប់ និងជាប្រចាំក្នុងគោលបំណង បំពេញតាមតម្រូវការរបស់ប្រជាពល រដ្ឋ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

​ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបើកបរ លើដងផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីចៀសវាងគ្រោះថ្នាក់នានា និងកុំផ្ទុក ទំនិញលើសទម្ងន់ កម្រិតកំណត់ដែលបណ្ដាលឱ្យផ្លូវឆាប់ខូច។

​សូមបញ្ជាក់ថា ការជួសជុលបន្ទាន់កំណាត់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤១ ដែល រងការ ខូចខាតដោយសារជំនន់ទឹកភ្លៀងនេះ គឺមានប្រវែងប្រមាណ១៥គីឡូម៉ែត្រ ចាប់ពី ចំណុចគីឡូម៉ែត្រ លេខ១៣០ ដល់ចំណុចគីឡូម៉ែត្រលេខ១៤៥ ដែលត្រូវជួសជុលដោយ ឈូសឆាយ បង្ហាប់ និងក្រាលថ្មមិច និងអនុវត្តន៍ដោយក្រុមហ៊ុនCRBC របស់ចិន។

ទន្ទឹមនេះ កំណាត់ផ្លូវជាតិលេខ៣ ពីកំពតទៅវាលរិញ ក៏ត្រូវឈូសឆាយ ក្រោមថវិការបស់ធនាគារពិភព លោកផងដែរ៕

ដោយ អ៊ុន រិទ្ធី