ក្រុមគ្រួសារប៊ីចេង គ្រងម្ចាស់ជើងឯក KMH CHAMPIONS LEAGUEរដូវកាល២០១៨ បន្ទាប់ពីយកឈ្នះ Down Town ២-១

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨–ទីបំផុត ក្រុមគ្រួសារប៊ីចេងបានគ្រងម្ចាស់ជើងឯកពាន រង្វាន់បាល់ទាត់ KMH Champion League រដូវកាល២០១៨ ក្រោយពីបានយកឈ្នះក្រុម Down Town FC នៅ ក្នុងលទ្ធផល ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ ដែលបានធ្វើឡើងនៅលើទីលានKMH Park ស្ថិតនៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃ សៅរ៍ទី២១ ខែកក្កដា ឆ្នាំ២០១៨។

ការប្រកួតយ៉ាងស្វិតស្វាញបំផុតនេះ គឺក្រុមគ្រួសារប៊ីចេង និងក្រុម Down Town FC រក្សា បានលទ្ធផល ស្មើគ្នា ១ទល់១ នៅក្នុងការប្រកួតត្រឹម៩០នាទី។ ១គ្រាប់នាំមុខរបស់គ្រួសារ ប៊ីចេងរកបានដោយកីឡាករ សុខ រក្សា នៅនាទី២៨ ហើយកីឡាករ ព្រី ឌីយ៉ាម៉ុង របស់ក្រុម Down Town ធ្វើសម្រេចតាមបានស្មើគ្នាវិញ នៅនាទី៣០។ នៅក្នុងវគ្គថែមម៉ោង១៥ នាទី២ ដង គឺកីឡាករ វណ្ណារ៉ា របស់គ្រួសារប៊ីចេងរកបាន១គ្រាប់បន្ថែម ជ័យជម្នះ ដែលលទ្ធផល ២ទល់១នេះរក្សាបានរហូតដល់បញ្ចប់ការប្រកួតផ្លូវការ១២០នាទី។ ដូច្នេះក្រុមគ្រួសារ ប៊ីចេង ឈ្នះជើងឯក ពានរង្វាន់ពាក់កណ្តាលអាជីព KMH Champion League រដូវកាល២០១៨នេះ ខណៈក្រុម Down Town FC បានត្រឹមរងជើងឯក។

ដោយឡែក១ប្រកួតទៀតដណ្តើមចំណាត់ថ្នាក់លេខ៣នោះ គឺជាការជួបគ្នារវាងក្រុមអាណា ចក្របៃតង និងពិស្នុការ ដោយអាណាចក្របៃតងដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយពី បានយកឈ្នះដោយលទ្ធផល ៨ទល់៤។ ទន្ទឹមនេះ សម្រាប់ប្រាក់រង្វាន់ជ័យលាភី ក្រុមចំណាត់ ថ្នាក់លេខ៤ ពិស្នុការ ទទួលបានប្រាក់រង្វាន់១៥០០ដុល្លារ, ចំណាត់ថ្នាក់លេខ៣ អាណាចក្រ បៃតង ទទួលបានមេដាយសំរិទ្ធអមដោយប្រាក់រង្វាន់ ៣.០០០ដុល្លារ, ជើង ឯករង Down Town Fc ទទួលបានមេដាយប្រាក់ អមដោយប្រាក់រង្វាន់៦.០០០ដុល្លារ និងម្ចាស់ជើងឯក ដែលគ្រប់គ្រងដោយក្រុមគ្រួសារប៊ីចេងទទួលបានពានរង្វាន់១ មេដាយមាស និងអមដោយ ប្រាក់រង្វាន់ចំនួន១២.០០០ដុល្លារសហរដ្ឋអាមេរិក។ ចំណែករង្វាន់អ្នកចាំទីល្អបានទៅលើ កីឡាករ អ៊ុក ម៉ិច អមជាមួយប្រាក់រង្វាន់៤០០ ដុល្លារ, អ្នកទាត់បញ្ចូលទីច្រើនជាងគេបាន ទៅលើកីឡាករ ជា អូលី មកពីក្រុមអាណាចក្របៃតង ដោយទាត់បញ្ចូលទីបានរហូត​ដល់​ទៅ៦០គ្រាប់ អមជាមួយនឹងទឹកប្រាក់៤០០ដុល្លារ និងចំណាត់ថ្នាក់ Fair Play បាន​ទៅលើ ក្រុមអាណាចក្របៃតងអមទឹកប្រាក់៧៥០ដុល្លារ។ ដោយឡែកប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់៨ក្រុម ដែលបានធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមទទួលបានក្នុង១ក្រុម ៣០០ដុល្លារ និង ៤ក្រុមដែលធ្លាក់ ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ ទទួលបានក្នុង១ក្រុម៦០០ដុល្លារផងដែរ៕


ដោយ ហេង ណាលីន