ក្រុមម្ចាស់ផ្ទះ អាស៊ីអឺរ៉ុបប្រកួតចាញ់វិសាខា ២-៤ សប្តាហ៍ទី១៥ ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨–ក្រុមម្ចាស់ផ្ទះ អាស៊ីអឺរ៉ុបយូណាយធីតបានប្រកួតចាញ់ ក្រុមចំណូលថ្មី ដែលកំពុងឡើងជើង ខ្លាំង វិសាខា ដោយលទ្ធផល ២ទល់៤ នៅក្នុងការប្រកួតសប្តាហ៍ទី១៥ ជើងទី២ កាលពីចុង សប្តាហ៍កន្លងទៅថ្មីៗនេះ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល២០១៨។

ចំពោះ២គ្រាប់របស់ម្ចាស់ផ្ទះ អាស៊ីអឺរ៉ុបយូណាយធីត រកបានដោយកីឡាករ Gorge Kelechi Stanley នៅនាទី៤ និងរកបានដោយកីឡាករ Befolo Mbarga Jean Privat នៅនាទី៩០+៦ ស្របពេលដែល៤គ្រាប់ ជ័យជម្នះរកបាន៣ពិន្ទុរបស់ក្រុមវិសាខារកបានដោយកីឡាករ Kyong Kun Kim នៅនាទី៤, Hyok Chol Ri នៅនាទី៣២, កីឡាករ កែវ សុខផេង នៅនាទី៥៦ និងធ្វើសម្រេចបាន២គ្រាប់ដោយកីឡាករ ម៉ាត់ សាក់រវី នៅនាទី៩០+១។

សម្រាប់៤ប្រកួតផ្សេងទៀត នាសប្តាហ៍ទី១៥នេះដែរ រួមមាន៖ ក្រុមអង្គរថាយហ្គឺរ ចែកគ្នា ម្នាក់១ពិន្ទុ ជាមួយក្រុមព្រះខ័នរាជស្វាយរៀង ក្រោយរក្សាលទ្ធផលស្មើគ្នា ១ទល់១ ខណៈ បឹងកេត បន្តយកឈ្នះក្រុមសូលទីឡូអង្គរ ដោយលទ្ធផល ២ទល់១។ រី​ឯក្រុមមិនដែលឈ្នះ វេស្ទើនភ្នំពេញបានស្គាល់រសជាតិស្មើជាលើកដំបូង នៅប្រកួតទី១៥ជាមួយក្រុមខ្លាំង ៤ក្រុម លើកំពូលតារាង ក្រសួងការពារជាតិ ដោយលទ្ធផល ៣ទល់៣ ស្របពេល ដែលអគ្គស្នង ការដ្ឋាននគរបាលជាតិ យកឈ្នះអគ្គិសនីកម្ពុជា ដោយលទ្ធផល៤ទល់១។ ចំពោះ១ប្រកួត ទៀត រវាងក្រុមណាហ្គាវើល និងភ្នំពេញក្រោន ត្រូវលើកពេលទៅប្រកួតនាថ្ងៃសុក្រ ទី២៧ កក្កដា ឆ្នាំ២០១៨ចុងសប្តាហ៍នេះវិញ ដែលនេះជាការប្រកួតបង្រ្គប់នាសប្តាហ៍ទី១៥៕


ដោយ ហេង ណាលីន