ជប៉ុន និងអង្គការដៃគូអភិវឌ្ឍន៍នានា ​មិនបានដកគម្រោង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដូចការចោទប្រកាន់ឡើយ (មានវីដេអូ)

វិទ្យុជាតិកម្ពុជា ៖ អត្ថបទ លោក ចន ណារិទ្ធ ៖ រូបភាព លោក អ៊ូ កាណែល

ក្នុងពេលចុះពិនិត្យ និងបើកការដ្ឋាន ជួសជុលផ្លូវជាតិលេខ៤១ ដែលទទួលរងការ​ខូចខាត​ដោយ​សារ​ជំនន់​ទឹក​ភ្លៀងកាលពីពេលថ្មីៗនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សា​​​ធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មកដល់ពេលនេះ ប្រទេស​ជប៉ុន ក៏​ដូច​ជា​អង្គការដៃគូ​រ​អភិវឌ្ឍន៍​ដទៃទៀតមិនបានដកគម្រោងអភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ និងស្ពាន ចេញពីប្រទេស​កម្ពុជាដូច​ការ​លើកឡើងពីមតិរបស់អតីតបក្សប្រឆាំងនោះឡើយ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី  បានបញ្ជាក់ថា ក្រៅពីប្រទេសជប៉ុន អង្គការដែល​ជាដៃគូអភិវឌ្ឍន៍​របស់​​​​កម្ពុជាដទៃទៀត ក៏មិនបានដកថយលើគម្រោងសាងសង់ហេដ្ឋារចនា​សម្ព័ន្ធនៅ​កម្ពុជានោះដែរ ។ ជាក់ស្តែង កាលពីសប្តាហ៍កន្លងមកនេះ ធនាគារពិភពលោកទើបតែផ្តល់ប្រាក់កម្ចី ២០០លាន​ដុល្លារ មកឲ្យរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងប្រាក់កម្ចី២០០លានដុល្លារនោះ ១១០លានដុល្លារ នឹង​យកទៅ​ប្រើ​​ប្រាស់ក្នុងការស្តារ និងពង្រីកកំណាត់ផ្លូវជាតិលេខ៤។ ដូច្នេះគ្មានការថយ ឬ រារែក​ពី​ដៃគូអភិវឌ្ឍន៍ឬប្រទេសណាមួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅ​ប្រទេស​កម្ពុជានោះទេ ​។