វៀតណាមទទួលបានកិច្ចសន្យាក្នុងការនាំចេញអង្ករទៅកូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ –ក្រុមហ៊ុនវៀតណាមមួយបានឈ្នះការដេញ ថ្លៃដើម្បីនាំចេញអង្ករ សំរូបចំនួន ៦០.០០០តោនទៅកាន់ប្រទេសកូរ៉េខាងត្បូង ដោយយកឈ្នះការដេញថ្លៃនេះពីគូប្រជែងចិន ថៃ និង អូស្ត្រាលី។

យោងតាមបណ្តាសមាជិកសមាគម សមាគមស្បៀងអាហារវៀតណាម (VFA) បានឱ្យដឹងថា ក្រុមហ៊ុន Tan Long Group JSC គឺជាក្រុមហ៊ុនវៀតណាមតែមួយគត់ ដែលទទួលបានកិច្ចសន្យានៅកូរ៉េខាង ត្បូង។ លើសពីនេះទៀត ក្រុមហ៊ុន Tan Long Group ក៏បានឈ្នះការដេញថ្លៃក្នុងការនាំចេញអង្ករគ្រាប់វែងចំនួន ២.៨០០តោនក្នុងពេលតែមួយនេះផងដែរ។

នេះគឺជាលើកទីមួយហើយដែលក្រុមហ៊ុនវៀតណាមឯកជនមួយបានយកឈ្នះ ក្រុមហ៊ុនអន្ដរជាតិពីប្រទេសចិន ថៃ និង អូស្ត្រាលី ដើម្បីទទួលបានកិច្ចសន្យានាំចេញអង្ករទៅឱ្យកូរ៉េខាងត្បូងក្រោមដំណើរការដេញថ្លៃរបស់រដ្ឋាភិបាល។

យោងតាមបណ្តាក្រុមហ៊ុនអាជីវកម្មក្នុងឧស្សាហកម្មផលិតកម្មអង្ករក្នុងស្រុកបានឱ្យដឹងថា អង្ករសំរូបដែលនាំ ចេញទៅកូរ៉េខាងត្បូងនេះ មានតម្លៃប្រហែល ៧០០ដុល្លារអាម៉េរិកក្នុងមួយតោន ហើយនេះក៏ជាតម្លៃខ្ពស់បំផុត សម្រាប់ការនាំចេញអង្កររបស់វៀតណាមផងដែរ។

ថ្ងៃផុតកំណត់សម្រាប់ការដឹកជញ្ជូនអង្ករចំនួន ៦០.០០០តោនទៅកំពង់ផែរបស់កូរ៉េខាងត្បូង គឺនៅថ្ងៃទី ១៥ ខែកញ្ញា ខាងមុខនេះ។

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Tan Long Group បានឈ្នះការដេញថ្លៃដើម្បីនាំចេញអង្ករសំរូបចំនួន ១១០.០០០ តោនទៅរដ្ឋាភិបាលកូរ៉េខាងត្បូង ដោយរាប់បញ្ចូលទាំងអង្ករចំនួន ៥០.០០០តោនដែលបាននាំចេញ កាលពីខែឧសភា ផងដែរ៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)