យុវជនកម្ពុជា៤រូបត្រៀមចូលរួមប្រកួតជំនាញអាស៊ានលើកទី១២នៅប្រទេសថៃ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោក ហោ សេង គ្រី៖

យុវជនកម្ពុជាចំនួន ៤រូប ដែលមានជំនាញផ្នែកចុងភៅ និង ផ្នែកសេវាកម្ម​ភោជ​នីយ​​​ដ្ឋាន បានចាប់ផ្ដើមហ្វឹកហាត់ជំនាញបច្ចេកទេសបន្ថែម ដើម្បីត្រៀមចូល​រួម​ប្រ​កួត​​​ជំនាញអាស៊ាន លើកទី១២ (12 th ASEAN Skill Competition) ដែលនឹង​ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុង​បាងកក​ប្រ​ទេសថៃ។
ក្រសួងទេសចរណ៍បានអោយដឹងថា ការប្រកួតជំនាញនេះមាន​គោលបំណង​បង្ហាញ​ពីស្មារតីកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងដកស្រង់ និងចែករំ​លែក​បទ​ពិសោធន៍​នៃការអនុវត្តល្អៗ ក៏ដូចជាលើកកម្ពស់ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឲ្យកាន់​តែល្អប្រសើរ។
កន្លងមក ក្រសួងទេសចរណ៍ធ្លាប់បានដឹក​នាំយុវជនចូលរួមប្រកួតជំនាញ​អា​ស៊ាន​ចំនួន ៣លើករួចមកហើយ ដោយទទួលបានលទ្ធផលដូចតទៅ៖
១. ឆ្នាំ២០១២ ប្រកួត​ជំនាញអាស៊ាននៅទីក្រុង Jarkata ប្រទេសឥណ្ឌូនេស៊ី ដោយ​បេក្ខជន ១រូប ទទួលបានមេដាយឆ្នើមផ្នែកចុងភៅ
២.ឆ្នាំ២០១៤ប្រកួតជំនាញអាស៊ាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយ​​​បេក្ខជន ២រូប ទទួលបានមេដាយឆ្នើមផ្នែកចុងភៅ
៣. ឆ្នាំ២០១៦ ប្រកួតជំនាញអាស៊ាននៅទីក្រុង Kaula Lumpur ប្រទេសម៉ាឡេស៊ី ដោយ បេក្ខជន ២រូប ទទួលបានមេដាយឆ្នើមផ្នែកសេវាកម្មភោជនីយដ្ឋាន៕