អាជ្ញាធរជាតិអប្សរា ដាក់លក្ខខណ្ឌ៣ចំណុចក្នុងការទប់ស្កាត់ការសាងសង់សំណង់ខុសច្បាប់ ក្នុងរមណីយដ្ឋានអង្គរ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោក ជូនបូណា៖

អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៨ ខែមិថុនានេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ការទប់​ស្កាត់សំណង់ខុសច្បាប់ ក្នុងរមណីយដ្ឋានអង្គរ ដោយហាមប្រាមមិន ឱ្យប្រជាពលរដ្ឋ​សាង​សង់​ដោយសេរី ក្នុងតំបន់ការពារបេតិកភណ្ឌនោះឡើយ ហើយរាល់សំណង់ខុសច្បាប់ ឬការលួច​សាង​សង់គ្មានការអនុញ្ញាត នឹងត្រូវរុះរើចេញដោយគ្មានលក្ខខណ្ឌ។
សេចក្ដីប្រកាសបានបន្តថា បុគ្គលទាំងឡាយណាដែលឃោសនា និងប្រព្រឹត្តអំពើបោកប្រាស់ តាមរយៈការធានាឱ្យមានការសាងសង់ខុសច្បាប់ និងការទទួលយកប្រាក់កាស ដើម្បី​ជាថ្នូរ​នឹង​ការសាងសង់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន និងអំពាវនា​អោយសា​ធារណជន​ផ្ដល់​ព័ត៌មានដែលមានអ្នកសាងសង់សំណង់ខុសច្បាប់ ក្នុងរមណីយដ្ឋានអង្គរផងដែរ៕